(ញូដេលី)៖ ចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនដល់៣៥៧នាក់ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។
ក្រៅពីមនុស្សបាត់បង់ជីវិត ប្រជាជនឥណ្ឌាជិត២៥០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្តោះអាសន្នជាង១,៥០០កន្លែង ដែលត្រូវបានរៀបចំឡើងនៅទូទាំងរដ្ឋ ខណៈមនុស្សជាច្រើននាក់ ថែមទៀត កំពុងត្រូវជួយសង្រ្គោះចេញពីលំនៅឋានលិចទឹករបស់ពួកគេ។
ជាមួយគ្នានេះ កងកម្លាំងទាំងជើងគោក ជើងទឹក និងជើងអាកាស នៃប្រទេសឥណ្ឌា ត្រូវបានបង្គាប់ឲ្យចូលរួមសង្រ្គោះជីវិតប្រជាជន នៅរដ្ឋ Kerala ដែលកំពុងប្រឈមនឹងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ ក្នុងនោះមានការប្រើប្រាស់ឧទ្ធម្ភាគចក្រ៦៧គ្រឿង យន្តហោះ២៤គ្រឿង កាណូត៥៤៨គ្រឿង ព្រមទាំងកងទ័ពរាប់ពាន់នាក់។
គួរជម្រាបថា ក្នុងអំឡុងនៃការធ្វើទស្សនិច្ចទៅកាន់រដ្ឋខាងលើ និងសួរសុខទុក្ខជនរងគ្រោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ក៏បានប្រកាសទម្លាក់កញ្ចប់ថវិកាជំនួយប្រមាណ៧៥លានដុល្លារភ្លាមៗ បន្ថែមពីលើថវិការបស់រដ្ឋាភិបាលកណ្តាលចំនួន១៥លានដុល្លារ ដើម្បីជួយដល់រដ្ឋ Kerala ផងដែរ៕