(ប៉េកាំង)៖ ព្យុះទីហ្វុង Rumbia ដែលជាព្យុះទីហ្វុងទី១៨នាឆ្នាំនេះ បាននិងកំពុងវាយលុកយ៉ាងដំណំលើតំបន់ភាគខាងកើតប្រទេសចិន ចាប់តាំងតែពីវាបានធ្វើដំណើរមកដល់ក្រុងសៀងហៃ កាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើតាមការកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៩។
នាអំឡុងចុងសប្តាហ៍នេះ ព្យុះទីហ្វុងខាងលើ បានបង្កឲ្យខូចខាតជាច្រើន នៅតាមខេត្តរួមមាន Henan, Hebei, Shandon, Anhui និង Jiangsu ដោយមនុស្សរាប់សែននាក់ដោយទទួលរងផលប៉ះពាល់ ហើយផ្ទៃដីស្រែ-ចម្ការរាប់ម៉ឺនហិកតា បានជន់លិច ផ្ទះសម្បែងរាប់រយខ្នងបានរងការខូតខាត ហើយសរុបជាការខាតបង់សេដ្ឋកិច្ចវិញ គឺរាប់សិបលានដុល្លារ នៅតាមខេត្តទាំងនេះ។ ទោះជាបែបនេះក្តី ពុំទាន់មានសេចក្តីរាយការណ៍ អំពីករណីមនុស្សបាត់បង់ជីវិត ដោយសារតែព្យុះទីហ្វុង Rumbia ឡើយ។
គួរជម្រាបថា ចាប់តាំងពីមកដល់ទីក្រុងសៀងហៃ ព្យុះទ្វីហ្វុង Rumbia បាននិងកំពុងបន្តសំដៅឆ្ពោះទៅទិសពាយ័ព្យ ហើយខេត្តដែលទទួលរងឥទ្ធិពលរបស់វានាខណៈពេលនេះ គឺខេត្ត Henan៕