(ហាណូយ)៖ គ្រោះទឹកជំនន់និងបំណាក់ដី ដែលបង្កឡើងពី​ព្យុះទីហ្វុងឈ្មោះ Bebinca នៅភាគខាងជើង និងកណ្តាលវៀតណាម បាន​ផ្តាច់ជីវិតមនុស្សសរុប០៨នាក់ និង០២នាក់ទៀតបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀលថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។

បើតាមអាជ្ញាធរវៀតណាម បានឲ្យដឹងថា គ្រោះធម្មជាតិខាងលើនេះ បានសម្លាប់មនុស្ស០៥នាក់ នៅខេត្ត Nghe An ភាគកណ្តាល ម្នាក់ នៅខេត្ត Thanh Hoa ​​ភាគកណ្តាលដូចគ្នា និង០២នាក់នៅខេត្ត Son La ភាគខាងជើង។ ក្រៅពីការឆក់យកជីវិតមនុស្ស ​ផ្ទះសម្បែង​និង​កំណាត់ផ្លូវ​ជាច្រើន​កន្លែង ក៏ត្រូវបានជន់លិច​ និងខូចខាត ខណៈ​ប្រជាជនវៀតណាមរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីខេត្ត​​​ភាគកណ្តាលទាំងពីរ។

គួរជម្រាបថា ព្យុទីហ្វុង Bebinca បានបោកបក់មកដល់​តំបន់ភាគខាងជើង និងកណ្តាលវៀតណាម កាលពី​ព្រឹកថ្ងៃសុក្រកន្លងទៅនេះ ប៉ុន្តែវាក៏បានថយចុះឥទ្ធិពលផងដែរ៕