(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មើគែល និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សានៅឯទីក្រុងប៊ែរឡាំង នាថ្ងៃសៅរ៍សប្តាហ៍នេះ ជាមួយប្រធានបទទាក់ទិននឹងបញ្ហាអន្តរជាតិសំខាន់ៗ រួមមានដូចជា ស៊ីរី អ៊ុយក្រែន អ៊ីរ៉ង់ និងគម្រោងភ្ជាប់បំពងផ្គត់ផ្គង់ឧស្ម័ន Nord Stream 2។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។
កិច្ចប្រជុំពិភាក្សាខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកស្រី មើគែល បានធ្វើដំណើរទស្សនកិច្ចនៅកាន់ទីក្រុងសូជី ប្រទេសរុស្ស៊ី កាលពីខែឧសភាកន្លងទៅ ហើយនៅមុនកិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរចាប់ផ្តើម លោក ពូទីន និងលោកស្រី មើគែល បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមាន Schloss Meseberg ស្ថិតនៅជាយក្រុងប៊ែរឡាំង។
គួរជម្រាបថា បើតាមការបញ្ជាក់ពីថ្ងៃសុក្រ លោកស្រី មើគែល បានបង្ហើបថាកុំឲ្យមានការរំពឹងខ្ពស់ពេក ចំពោះលទ្ធផលនៃកិច្ចពិភាក្សារបស់លោកស្រី ជាមួយលោក ពូទីន ដោយវាគ្រាន់តែជាជំនួបការងារ ដែលពុំមានលទ្ធផលជាក់លាក់ណាមួយ ត្រូវរំពឹងថានឹងលេចឡើងឡើយ៕