(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ បានវាយប្រហារលើកោះលុមបុក ដែលស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូណេស៊ីជាថ្មីម្តងទៀត នាថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីថ្មីខាងលើ បានកើតឡើងនៅជម្រៅដ៏រាក់គឺត្រឹម៧.៩គីឡូម៉ែត្រប៉ុណ្ណោះ ក្រោមផ្ទៃដី ដែលជាហេតុអាចឲ្យហេតុការណ៍នេះ បង្កការបំផ្លិចបំផ្លាញឬគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា កោះភាគកណ្តាលឥណ្ឌូណេស៊ីមួយនេះ ទើបតែបានទទួលរងការវាយប្រហារដោយរញ្ជួយដីជាប់ៗគ្នា ដែលបានផ្តាច់ជីវិតមនុស្សសរុបខ្ទង់រយនាក់។
គួរជម្រាបថា ចាប់តាំងតែពីថ្ងៃទី០៥ ខែសីហា អ្នកទេសចររាប់ពាន់នាក់ បានធ្វើដំណើរចាកចេញពីកោះលុមបុក (Lombok) ដោយបារម្ភថា ការញ័ររញ្ជួយនឹងកើតមានឡើងបន្តបន្ទាប់ទៀត។ មូលហេតុដែលបណ្តាលឲ្យឥណ្ឌូណេស៊ី រងគ្រោះរញ្ជួយដីញឹកញាប់បែបនេះ គឺដោយសារតែ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំពីលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងហ៊ុមព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលគេហៅថា The Pacific Ring of Fire៕