(រីយ៉ាដ)៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសពីការត្រៀមលក្ខណៈយ៉ាងពេញលេញរបស់ខ្លួន សម្រាប់ការប្រារព្ធពិធីបុណ្យហាជ ដែលជាបុណ្យសាសនាអ៊ីស្លាមដ៏ធំប្រចាំឆ្នាំ ដោយចាប់ផ្តើមពីល្ងាចថ្ងៃអាទិត្យនេះតទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។
ជាកិច្ចចាប់ផ្តើមនៃពិធីបុណ្យសាសនាដ៏ធំប្រចាំឆ្នាំខាងលើ អ៊ីស្លាមសាសនិកជាង០២លាននាក់ នឹងប្រារព្ធពិធី Day of Tarwiyah ដែលជាពិធីដំបូងបង្អស់នៃបុណ្យហាជ នៅឯតំបន់ Mina ក្នុងទីក្រុងពិសិដ្ឋ Mecca នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្រោយមកទៀត អ្នកចូលរួមពិធីបុណ្យទាំងអស់ នឹងចាកចេញពី Mina នៅព្រលឹមថ្ងៃចន្ទស្អែក ទៅកាន់ទីជម្រាល Arafat ដើម្បីប្រារព្ធពិធី Day of Arafat ដែលជាពិធីសំខាន់ជាងគេបំផុត សម្រាប់បុណ្យហាជ។
គួរជម្រាបថា ដើម្បីធានាសុវត្ថិភាពសម្រាប់ពិធីបុណ្យដ៏ធំសម្បើមនេះ អារ៉ាប៊ីសាអូឌីត បានរៀបចំផែនការសុវត្ថិភាពនិងរឹងបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹងជាទីបំផុត ខណៈមន្ទីរពេទ្យ និងរថយន្តសង្រ្គោះបន្ទាន់ បាននិងកំពុងប្រុងជើងការរួចជាស្រេច៕