(ហ្គាណា)៖ ប្រធានាធិបតីហ្គាណាលោក Nana Akufo-Addo បានប្រកាសឲ្យមានការកាន់ទុក្ខរយៈពេលមួយសប្តាហ៍ពេញ ដើម្បីសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះអតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក កូហ្វី អានណាន់ (Kofi Annan) ដែលបានទទួលមរណភាពកាលពីម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។
បើតាមលោក Akufu-Addo រយៈពេលនៃការកាន់ទុក្ខនឹងចាប់ផ្តើមពីថ្ងៃចន្ទស្អែកតទៅ ដោយទង់ជាតិរបស់កាណាហ្គា នឹងត្រូវបង្ហូតត្រឹមពាក់កណ្តាល នៅ ទូទាំងផ្ទៃប្រទេស ព្រមទាំងនៅតាមបេសកកម្មការទូតហ្គាណាទាំងអស់ នៅជុំវិញពិភពលោក។ មេដឹកនាំហ្គាណារូបនេះ បានឲ្យដឹងថា រូបលោកមានអារម្មណ៍សោកសៅជាខ្លាំង នៅពេលបានលឺដំណឹងមរណភាពរបស់លោក អានណាន់។ ជាមួយគ្នានេះ បណ្តាមេដឹកនាំពិភពលោក ក៏បានចូលរួមសម្តែងសមានទុក្ខ ចំពោះដំណឹងដ៏ក្រៀមក្រំនេះផងដែរ។
គួរជម្រាបថា លោក កូហ្វី អានណាន់ ដែលមានកូនចំនួនបីនាក់ និងធ្លាប់បានទទួលពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០១ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពពិភពលោក បានទទួលមរណភាពនៅលើទឹកដីប្រទេសស្វីស។ លោក អានណាន់ បានកាន់តួនាទីជាអគ្គលេខាធិការសហប្រជាជាតិ កាលពីដើមឆ្នាំ១៩៩៧ រហូតដល់ចុងឆ្នាំ២០០៦ ហើយលោក គឺជាជនជាតិស្បែកខ្មៅដំបូងគេ ដែលបានដឹកនាំស្ថាប័នកំពូលអន្តរជាតិនេះ៕