(តេហេរ៉ង់)៖ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Hossein Khanzadi នៅថ្ងៃសៅរ៍នេះ បានអះអាងថាកងនាវាអ៊ីរ៉ង់បានបំពាក់ ប្រព័ន្ធការពារមីស៊ីលផលិតនៅក្នុងស្រុកដ៏ទំនើបចុងក្រោយបំផុតជាលើកដំបូងលើនាវាចម្បាំងមួយគ្រឿង ចំពេលកំពុងមានភាព តានតឹងជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រហ្គូល (Gulf)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

ការអះអាងខាងលើរបស់លោក Khanzadi ធ្វើឡើងបន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងនៅដើមខែសីហានេះថាខ្លួនបាន ដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹកនៅក្នុងតំបន់ឈូងសមុទ្រហ្គូល ដើម្បីពង្រឹងសមត្ថភាពប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ សត្រូវជាពិសេសគឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ចំណែកឯ ទីក្រុងវ៉ាស៊ីនតោន ក៏បានទទួលស្គាល់ដែរថាអ៊ីរ៉ង់ បានបង្កើន សកម្មភាពកងទ័ពជើងទឹក នៅតំបន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនៅក្នុង
តំបន់ដែលអ៊ីរ៉ង់គំរាមបិទខ្ទប់។

គួរបញ្ជាក់ថា បើតាមលោក Khanzadi ប្រព័ន្ធការពារមីស៊ីលឈ្មោះ Kamand ត្រូវបានធ្វើតេស្ដសាកល្បងបាញ់ក្នុងរយៈចំងាយខ្លី ដោយជោគជ័យ និងត្រូវបានបំពាក់លើនាវាចម្បាំងមួយគ្រឿង ហើយវានឹងត្រូវបំពាក់លើនាវាចម្បាំងទី០២ ក្នុងពេលឆាប់ៗនេះ៕