(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កំពុងស្ថិតក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដើម្បីចុះត្រួត ពិនិត្យដោយផ្ទាល់លើការខូចខាត ដែលបង្កឡើងដោយគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជិត១០០ឆ្នាំមកនេះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC ​នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

លោក ម៉ូឌី បានធ្វើដំណើរទៅដល់​រដ្ឋ Kerala កាលពីថ្ងៃសុក្រ ហើយលោកនឹងត្រូវបន្តដំណើរទៅកាន់តំបន់រងគ្រោះនៅថ្ងៃសៅរ៍ នេះ ស្របពេលមានសេចក្ដីរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងរដ្ឋនេះ បានកើនដល់៣២៤នាក់ និងមនុស្សច្រើនជាង២០០,០០០ នាក់គ្មានផ្ទះសម្បែងស្នាក់ដោយសារតែទឹកជំនន់ និងគ្រោះរអិលបាក់ដី។

សូមជម្រាបថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តបញ្ជូនយោធាឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ រីឯអាជ្ញាធរឧតុនិយម បានព្យាករថាខ្យល់បក់ និងភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងនៅថ្ងៃសៅរ៍ និងនៅថ្ងៃអាទិត្យស្អែកនេះ។ បន្ថែមពីលើនេះ រដ្ឋាភិបាលឥណ្ឌា ក៏បានបញ្ជាក់ដែរថាមនុស្សជិត១០០០នាក់ហើយ បានបាត់បង់ជីវិតនៅក្នុងរដូវភ្លៀងធ្លាក់ ដែលចាប់ផ្ដើមតាំងតែពីខែមិថុនាមក នៅទូទាំងប្រទេស៕