(អាមេរិក)៖ រូបភាពដ៏អស្ចារ្យដែលត្រូវបានថត ដោយកែវយឺតអវកាសវ័យចំណាស់ Hubble របស់អង្គការ NASA នោះកំពុងតែទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកតាមដានតារាសាស្ត្រ ខណៈរូបថតតែមួយប៉ុស្តិ៍ប៉ុណ្ណោះ អាចឲ្យយើងឃើញកាឡាក់ស៊ីរហូតដល់ទៅ ១៥,០០០កាឡាក់ស៊ី និងសកម្មភាពនៃការចាប់កំណើតរបស់តារាមួយចំនួនថែមទៀត។ នេះបើតាមការចេញផ្សាយដោយវែបសាយអង់គ្លេស Express នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
ព័ត៌មានបានបន្តទៀតថា យ៉ាងហោចណាស់កញ្ចុំផ្កាយ ឬកាឡាក់ស៊ីចំនួន ១២,០០០ ក្នុងចំណោមកាឡាក់ស៊ីទាំង ១៥ពាន់ខាងលើនេះ ត្រូវបានគេអង្កេតឃើញពាសពេញចក្រវាឡនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកហើយ។ វាកាន់តែបង្ហាញយ៉ាងច្បាស់ថា ភពផែនដីនេះ គ្រាន់តែជាចំណុចដ៏តូចមួយ នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍ ឬក៏ត្រឹមជាកម្ទេចចូលីនៃចក្រវាឡដែលមនុស្សភាគច្រើនជឿថា គ្មានព្រំដែនកំណត់តែប៉ុណ្ណោះ។
រូបភាពច្នៃប្រឌិតឡើងបន្ថែមដោយ NASA ក្រោយពីកែវយឺតអវកាស Hubble ផ្តិតបាននោះ គឺមានបង្ហាញអំពីពណ៌ចំរុះដ៏ស្រស់បំព្រង និងប្រកបដោយការស្រមើស្រមៃខ្ពស់បំផុត ជាពិសេសគឺការរំលេចព័ត៌មានស្វាយ និងពន្លឺក្រហម-លឿង ដែលធ្វើឲ្យអ្នកតាមដានកាន់តែមានអារម្មណ៍អណ្តែតអណ្តូង បើទោះបីជាធាតុពិតជាក់ស្តែង ភ្នែករបស់មនុស្សមិនអាចមើលឃើញទៅលើផ្ទៃមេឃ ឲ្យចេញជាទិដ្ឋភាពបែបនោះក៏ដោយ។
ភាពអស្ចារ្យបន្ថែមពីខាងលើនេះទៀត គឺបណ្តុំផ្កាយមួយចំនួននៅក្នុងរូបភាព ត្រូវបានក្រុមតារាវិទូអះអាងថា បានកើតមានឡើងកាលពីរយៈពេល ៣ពាន់លានឆ្នាំ ក្រោយបន្ទុះប៊ីកប៊ែង (Big Bang) ដែលបានកើតឡើងកាលពីរយៈពេល ១៣.៧ពាន់លានឆ្នាំកន្លងទៅនេះ។ យ៉ាងណាក៏ដោយ Hubble នៅតែបន្តការងាររបស់ខ្លួនជានិច្ច បើទោះបីជាវាបានដើរហួសកាលកំណត់ក្នុងបេសកកម្មតាំងតែពីឆ្នាំ២០១៥ ក៏ដោយ។
គួរបញ្ជាក់ថា Hubble ត្រូវបានបាញ់បង្ហោះ នឹងដំណើរការនៅទីអវកាសកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩០ ដោយវាត្រូវបានគ្រោងឲ្យដំណើរការរយៈពេល ២៥ឆ្នាំ គិតចាប់តាំងពីឆ្នាំដែលត្រូវបានបាញ់បង្ហោះនោះមក ប៉ុន្តែដោយសារតែវានៅដំណើរការយ៉ាងល្អនោះ ទើបទីភ្នាក់ងារអវកាសអាមេរិក NASA នៅតែរក្សាវត្តមានរបស់វា ដើម្បីជាប្រយោជន៍នៃការរុករកទីអវកាសដដែល ខណៈកែវយឺតអវកាសនានាផ្សេងៗទៀតក៏កំពុងដំណើរការ និងគ្រោងបញ្ចប់ដំណើរផងដែរ៕