(តួកគី)៖ ដោយសារប្រាក់ លីរ៉ា របស់ប្រទេសតួកគីកំពុងចុះថោក អ្នកទេសចរកំពុងសម្រុកនាំគ្នាទៅទិញទំនិញ តាមហាងលក់ផលិតផលប្រណិតៗ ក្នុងប្រទេសតួកគី ដើម្បីឆ្លៀតឱកាសទាន់ពេលទំនិញប្រណិតទាំងនេះចុះថោក។

ភ្លាមៗក្រោយពីមានដំណឹងថា ប្រាក់លីរ៉ាចុះថោក ក៏មានគេបង្ហោះរូបថតបង្ហាញពីហ្វូងមនុស្សឈរតម្រង់ជួរគ្នា នៅតាមហាងលក់ទំនិញប្រណិតៗ ក្នុងប្រទេសតួកគី។ ការចុះថោកនៃប្រាក់ លីរ៉ា របស់តួកគី បានធ្វើឱ្យទំនិញប្រណិតៗនៅទីនេះ ក្លាយជាទំនិញដែលធូរថ្លៃបំផុតក្នុងពិភពលោក ដោយសារតែម៉ាកយីហោមួយចំនួន មិនបានកែប្រែតម្លៃទំនិញរបស់ខ្លួនឱ្យទាន់ពេលវេលា។ គេព្យាករណ៍ថា តម្លៃទំនិញប្រណិតនៅទីនេះ បានចុះថោកជាងមុនប្រហែល២៥ភាគរយ ក្រោយពីប្រាក់លីរ៉ាចុះថោក។

អ្នកនាង ហាន លីជា ប្រធានផ្នែកអាជីវកម្ម ក្រុមហ៊ុន Ctrip ប្រចាំតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក បាននិយាយថា «អតិថិជន និងមគ្គុទេសទេសចររបស់ពួកយើងមួយចំនួន នៅទីក្រុងអ៊ីស្តង់ប៊ុល ចង់ទិញទំនិញប្រណិតៗណាស់ ប៉ុន្តែគេត្រូវតម្រង់ជួរយូរណាស់។ យើងនឹងកែប្រែកាលវិភាគទេសចរមកកាន់តួគីរបស់យើងឡើងវិញ ដើម្បីបន្ថែមពេលវេលាឈប់សម្រាកឱ្យបានកាន់តែច្រើននៅតាមផ្សារទំនើប បើសិនជាអតិថិជនភាគច្រើនត្រូវការ»។

ឆ្លើយតបនឹងកំណើនតម្រូវការនេះ ហាងលក់ទំនិញប្រណិតៗខ្លះ បានកែប្រែតម្លៃទំនិញរបស់ខ្លួន ឯហាងខ្លះទៀតក៏កំពុងកំណត់ឱ្យអ្នកទេសចរម្នាក់ អាចទិញទំនិញរបស់ខ្លួនបានតែមួយមុខប៉ុណ្ណោះ។ ក្រុមហ៊ុនទេសចរក៏បានបិទសេវាទូទាត់ប្រាក់ជាប្រាក់លីរ៉ាផងដែរ ដើម្បីទប់ស្កាត់ការទិញប្រាក់លីរ៉ាសម្រាប់ទុកលក់ ពេលវាឡើងថ្លៃវិញនៅថ្ងៃមុខ។

លោក លី លាវយ៉ាង ប្រធានក្រុមអ្នកវិភាគ ធនាគារ China Merchants Bank បាននិយាយថា «ស្ថានភាពនេះបានកើតឡើងម្តងរួចទៅហើយ កាលពីឆ្នាំ២០១៤ នៅពេលដែលប្រាក់យេនរបស់ជប៉ុន បានចុះថោកខ្លាំង បើធៀបនឹងប្រាក់ដុល្លារ។ ហើយនៅពេលដែលប្រាក់វ៉ុន របស់កូរ៉េខាងត្បូងចុះថោកខ្លាំង ទំនិញប្រណិតៗរបស់គេក៏មានគេទិញច្រើនដែរ»

រហូតមកដល់ពេលនេះ មិនទាន់មានការប្រែប្រួលជាដុំកំភួន ចំពោះការកក់ដំណើរការកំសាន្តមកកាន់ប្រទេសតួកគីទេ។ ប៉ុន្តែជារួម អ្នកទេសចរចិនដែលមកកំសាន្តទីនេះ នាពេលបច្ចុប្បន្ន មានចំនួនច្រើនបំផុតបើធៀបនឹងរយៈពេល៣ឆ្នាំកន្លងទៅ ដោយសារប្រទេសតួកគី បានផ្សព្វផ្សាយពីវិស័យទេសចររបស់ខ្លួនយ៉ាងខ្លាំង។

ធៀបនឹងប្រាក់ដុល្លារអាមេរិក ប្រាក់ លីរ៉ា បានចុះថោកប្រហែល៤០ភាគរយទៅហើយ បើគិតចាប់តាំងពីដើមឆ្នាំនេះមក បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីតួកគី២នាក់ ដែលអាមេរិកចោទថា បានចូលរួមឃុំឃ្លួនគ្រូគង្វាលជនជាតិអាមេរិកឈ្មោះថា អែនឌ្រូ ប្រាប់សិន (Andrew Brunson)។

ប្រធានាធិបតីតួកគី លោក ថាយីប អឺដូហ្គេន (Tayyip Erdogan) កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើលិខិតមួយ ដែលដំឡើងពន្ធនាំចូលទំនិញ ពីអាមេរិកមួយចំនួនដូចជារថយន្ត ស្រា និងបារីជាដើម ដើម្បីឆ្លើយតបចំពោះការដែលអាមេរិកដំឡើងពន្ធនាំចូលទ្វេដង ចំពោះដែកថែប និងដែកអាលុយមីញ៉ូមរបស់តួគី៕ (សារព័ត៌មាន CCTV របស់ចិន)