សហរដ្ឋអាមេរិកផ្អាកជំនួយ «២៣០លានដុល្លារ» ដែលគ្រោងប្រើដើម្បីរក្សាស្ថិរភាពនៅស៊ីរីរបស់អតីតរដ្ឋមន្ត្រីការបរទេស រិច ធីល្លឺសុន! (video inside)
18-08-2018 09:43
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានផ្អាកការផ្ដល់ជំនួយជាង ២៣០លានដុល្លារ សម្រាប់គំរោងរក្សាសេ្ថរភាពនៅ ក្នុងប្រទេសស៊ីរី ដោយបញ្ជាក់ថា ជំនួយរបស់សម្ព័ន្ធមិត្តមកពីក្រុមចំរុះអន្តរជាតិគឺគ្រប់គ្រាន់ល្មម ក្នុងការប្រឆាំងនឹងក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា កញ្ចប់ថវិកាជំនួយ ២៣០លានដុល្លារ ខាងលើត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល្លឺសុន កាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែ គំរោងនេះត្រូវបានផ្អាកទៅវិញ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកបច្ចុប្បន្នលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលបានអះអាងថា ការផ្អាកជំនួយនេះមិនរាប់បញ្ចូលជំនួយមនុស្សធម៌នោះទេ។
គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាកការផ្ដល់ជំនួយខាងលើរបស់សហរដ្ឋអាមេរិក ធ្វើឡើងដោយសារតែជំនួយបច្ចុប្បន្ន គឺគ្រប់គ្រាន់ល្មមសម្រាប់ស៊ីរី បន្ទាប់ពីអារ៉ាប៊ីសាអូឌីត សន្យាផ្ដល់ថវិកា ១០០លានដុល្លារ និង អេមីរ៉ាត់អារ៉ាប់រួម ៥០លានដុល្លារ បូករួមទាំងជំនួយរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ន៕