(ប៉េកាំង)៖ ក្រសួង​ការពារជាតិចិន​បានចេញមុខទាត់ចោលរបាយការណ៍​របស់​សហរដ្ឋអាមេរិក ដែលបាន​អះអាងថា ចិនកំពុងហ្វឹក ហាត់យន្ដហោះ​ទម្លាក់គ្រាប់បែក​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធ​មិត្ត​អាមេរិក ដោយចាត់ទុកថា របាយការណ៍​នេះត្រូវបាន​ប្រឌិតឡើង​ទាំងស្រុង។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។

ប្រតិកម្មរបស់​​ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពី​មន្ទីរ​បញ្ចកោណ​បានចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំមួយ​កាលពី​ថ្ងៃព្រហស្បតិ៍ ដោយ​និយាយចំៗ​តែម្តងថា ចិនកំពុងពង្រីក​​ឥទ្ធិពល​នៅលើ​ពិភពលោក ជាមួយការ​ចំណាយ​កញ្ចប់ថវិកា​យោធា​កាលពីឆ្នាំ២០១៧ រហូតដល់​​ទៅជាង ១៩០ពាន់លានដុល្លារ។ មិនតែ​​ប៉ុណ្ណោះ​នៅក្នុង​របាយការណ៍​​នេះមន្ទីរបញ្ចកោណ​​ក៏បានបញ្ជាក់ថា ការធ្វើ​​សមយុទ្ធយោធា​យន្ដហោះ​ទម្លាក់គ្រាប់បែក​​របស់យោធាចិន នារយៈពេល​​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ​ គឺជាការហ្វឹកហាត់​​ត្រៀម​​លក្ខណៈ​វាយប្រហារ​​ប្រឆាំង​​សហរដ្ឋអាមេរិក រួមទាំង​សម្ព័ន្ធ​មិត្ត​​អាមេរិក។

តែយ៉ាងណា​ក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន​ ដែល​បានចេញផ្សាយ​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ​ ក្រសួង​ការពារជាតិចិនបាន​ចាត់ទុកថា របាយការណ៍​របស់មន្ទីរបញ្ចកោណ គឺជាការប្រឌិតឡើងទាំង​ស្រុង និងជាការភ័ន្ត​ច្រឡំពីចេតនានៃយុទ្ធសាស្ត្រ​របស់ចិន។ «យោធា ចិនប្រឆាំង​នឹងជាដាច់ខាតចំពោះ​របាយការណ៍នេះ... ដ្បិតតាមការ​ពិតការធ្វើទំនើបកម្ម​នៃយោធាចិន​ គឺមាន​បំណង​ការពារ​ដែន​អធិបតេយ្យភាព ផលប្រយោជន៍ រួមទាំង​សន្តិភាព និងស្ថេរភាព​របស់ពិភពលោកតែ​ប៉ុណ្ណោះ»។ នេះគឺជាគូស​បញ្ជាក់របស់ ក្រសួង​ការពារជាតិ​ចិន។

គួរបញ្ជាក់ថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនត្រូវបាន​គេរាយការណ៍ថា​ បានធ្វើសមយុទ្ធយន្ដហោះ​ទម្លាក់គ្រាប់បែក នៅឯតំបន់​សមុទ្រចិនខាងត្បូង​ជាបន្តបន្ទាប់។ ចំណែកឯ មន្ទីរបញ្ចកោណកាល​ពីខែមករាកន្លងទៅ ក៏បានចាត់ទុកផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ​គឺជាការគំរាមកំហែងមួយ​ដ៏ធំដល់សន្តិសុខជាតិ​អាមេរិក ព្រមទាំង​សណ្ដាប់ធ្នាប់អន្តរជាតិ៕