(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់នៅក្នុងខេត្ត ខឺរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា គិតចាប់តាំងតែពីថ្ងៃពុធសប្តាហ៍មុនមកបានកើនដល់៣២៤នាក់ហើយ ដែលវាគឺជាគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
គិតមកត្រឹមយប់ថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់យ៉ាងសកម្មជាទីបំផុត ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថា មានមនុស្ស ១៥០,០០០នាក់ គ្មានផ្ទះសម្បែងជាបណ្ដោះអាសន្ន ខណៈភាគច្រើននៃអ្នកបាត់បង់ជីវិត ត្រូវបានទាញចេញពីគំនរបាក់បែក និងល្បាប់ភក់បង្កឡើងដោយគ្រោះរអិលបាក់ដី។ ក្រៅពីនេះផ្ទះសម្បែងត្រូវបានជន់លិច ផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ហើយចរាចរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសកំពុងជួបការរាំងស្ទះ នៅតាមកន្លែងជាច្រើននៅក្នុងរដ្ឋ។
គួរបញ្ជាក់ថា ស្របពេលប្រតិបត្តិការជួយសង្រ្គោះ កំពុងធ្វើឡើងអាជ្ញាធរឥណ្ឌាក៏បានព្យាករផងដែរថា ភ្លៀងអាចនឹបន្តធ្លាក់ខ្លាំងបន្ថែមទៀត ខណៈអាកាសយានដ្ឋានដ៏សំខាន់មួយ ត្រូវបានបិទដំណើរការរហូតដល់ថ្ងៃទី២៦ ខែសីហា៕