(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងប្រើចំណាត់ការថ្មីៗបន្ថែមទៀត ដើម្បីជំរុញឲ្យមានការដោះលែងអាចារ្យសាសនាគ្រឹស្តជនជាតិអាមេរិកម្នាក់ ដែលកំពុងបន្តជាប់ឃុំឃាំង នៅក្នុងប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «យើងនឹងមិនអង្គុយរង់ចាំមើលរឿងបែបនេះ ដោយស្ងៀមៗឡើយ ហើយបញ្ហានេះមិនទាន់ចប់នោះទេ»។ ការបង្ហាញការប្តេជ្ញាចិត្តបែបនេះរបស់លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការតួកគី បានសម្រេចច្រានចោលសំណើឲ្យដោះលែងអាចារ្យខាងលើ ដែលមានឈ្មោះថា Andrew Brunson។
គួរជម្រាបថា លោក Andrew Brunson ត្រូវបានចាប់ឃុំឃាំងដោយទីក្រុងអង់ការ៉ា ចាប់តាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ក្រោមការចោទប្រកាន់ថា រូបលោកមានជាប់ពាក់ព័ន្ធនឹងចលនា នៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យ កាលពីឆ្នាំនោះ ហើយបច្ចុប្បន្នបញ្ហានេះ កំពុងតែធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតួកគី ធ្លាក់ចុះដុនដាបជាខ្លាំង៕