(អ៉ីស្លាម៉ាបាដ)៖ រដ្ឋសភានៃប្រទេសប៉ាគីស្ថាន បានសម្រេចបោះឆ្នោតជ្រើសរើសលោក Imran Khan ធ្វើជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យរដ្ឋសភាប៉ាគីស្ថាន ដែលជាសភាជាន់ទាប បានប្រកាសថា លោក Imran Khan ដែលជាប្រធានគណបក្សចលនាយុត្តិធម៌ប៉ាគីស្ថាន ហៅកាត់ថា PTI បានទទួលសំឡេងគាំទ្រចំនួន១៧៦សំឡេង ធៀបនឹងគូប្រជែងរបស់លោក គឺលោក Shehbaz Sharif នៃគណបក្ស PML-N ដែលទទួលបាន៩៦សំឡេង។
គួរជម្រាបថា ក្នុងការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងទៅនេះ គណបក្សរបស់លោក Khan បានទទួលជ័យពិតមែន ប៉ុន្តែបើតាមចំនួនអសនៈដែលបក្សរបស់លោកទទួលបាន គឺពុំអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនបានឡើយ ដោយសារតែអសនៈចាំបាច់គឺចំនួន១៣៧ ទើបមានការបោះឆ្នោតសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីដោយសភា៕