(រ៉ង់ហ្គូន)៖ មីយ៉ាន់ម៉ានឹងបញ្ជូនពលករចំណាកស្រុកចំនួន ៤០,០០០នាក់ ដើម្បីទៅធ្វើការក្នុងវិស័យឧស្សាហកម្មនេសាទនៅប្រទេសថៃ ក្រោមប្រព័ន្ធអនុស្សរណៈនៃការយោគយល់គ្នា ដែលស្របទៅតាមការសំណើរបស់ភាគីថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
បញ្ហាខាងលើនេះគឺជាប្រធានបទចម្បងគេ នៅក្នុងកិច្ចពិភាក្សាស្តីពីវិស័យការងាររវាងរដ្ឋមន្រ្តីការងារមីយ៉ាន់ម៉ាលោក យូ ធេន ស្វេ (U Thein Swe) និងសមភាគីថៃលោក អាឌុល សាសស៊ីកែវ (Adul Sangsingkeo) នៅរដ្ឋធានីណៃពិដោ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
កិច្ចពិភាក្សានោះក៏បានលើកឡើងពីករណី នៃការបញ្ជូនពលករដែលកាន់ទិដ្ឋាការក្លែងក្លាយ ដោយទីភ្នាក់ងារជួយរកការងារទាំងឡាយ ដែលរកស៊ីដោយគ្មានភាពស្មោះត្រង់ផងដែរ។ ក្រៅពីនេះរដ្ឋមន្រ្តីទាំងពីរ បានពិគ្រោះពីសហការសម្រាប់ការលើកកម្ពស់និងការពារសិទ្ធិរបស់ពលករចំណាកស្រុកមីយ៉ាន់ម៉ា នៅប្រទេសថៃថែមទៀតផង។
គួរជម្រាបថា នាដើមសប្តាហ៍នេះមីយ៉ាន់ម៉ានិងថៃ ក៏បានបើកកិច្ចប្រជុំលើកទី ០៩ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងណៃពិដោ ដែលមានរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីការបរទេសថៃជាសហប្រធានផងដែរ៕