(វ៉ាស៊ីនតោន)៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីតោន) នៅក្នុងរដ្ឋខូឡូរ៉ាដូ(Colorado) ភាគខាងលិចសហរដ្ឋអាមេរិក ពីបទសង្ស័យថា បានសម្លាប់ប្រពន្ធមានផៃ្ទពោះ និងកូនស្រីពីរនាក់របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
បុរសឈ្មោះ Chris Watts មានអាយុ ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីរូបគេបានផ្ដល់បទសម្ភាស៍ កាលពីថ្ងៃអង្គារឱ្យសារព័ត៌មាន នៅក្នុងតំបន់ពីការបាត់ខ្លួនរបស់ប្រពន្ធកំពុងមានផ្ទៃពោះ និងកូនស្រីពីរនាក់ឈ្មោះ សេឡែស្ទេ (Celeste) អាយុ០៣ឆ្នាំ និង ប៊ែលឡា (Bella) អាយ ០៤ឆ្នាំ។ ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Denver 7 Watts បានសារភាពពីករណីឃាតកម្មនេះដោយចៃដន្យ បើទោះជាភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតពីចេតនា នៃពាក្យសម្ដីទាំងនោះក៏ដោយ។
គួរបញ្ជាក់ថា បើតាមប៉ូលិសរដ្ឋ Colorado ម្ដាយនិងកូនស្រីខាងលើ ត្រូវបានគេសម្លាប់កាលពីថ្ងៃចន្ទ ចំណែកឯបុរសជាប្ដីកំពុងប្រឈមមុខនឹងបទចោទចំនួនបីករណីពីបទមនុស្សឃាត និង០៣ករណីទៀតពីបទបំផ្លាញសាកសព៕