(ន័រវែស)៖ ទឹកសមុទ្រនៅប្រជុំកោះស្វយ័ត Faroe នៃប្រទេសដាណឺម៉ាកបានប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅ ក្រោយពីសត្វត្រីបាឡែនជាច្រើនក្បាល ត្រូវបានប្រជាជននៅទីនោះសម្លាប់ ដើម្បីយកធ្វើជាស្បៀងអាហារត្រៀម សម្រាប់ការមកដល់នៃរដូវរងារដ៏លំបាក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
សាច់ និងខ្លាញ់របស់ត្រីបាឡែនប្រភេទ Pilot Whale គឺជាប្រភពស្បៀងអាហារដ៏សំខាន់ ដែលនឹងជួយប្រជាជនប្រមាណ ៥០,០០០នាក់ ដែលកំពុងរស់នៅលើកោះ Faroe ឲ្យឆ្លងផុតរដូវរងារ។ ការប្រមាញ់សត្វត្រីបាឡែននេះ តែងត្រូវបានធ្វើឡើងដោយអ្នកស្រុក Faroe ជារៀងរាល់ឆ្នាំ អស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមកហើយ ប៉ុន្តែរូបភាពដ៏រន្ធត់ខាងក្រោមនេះ នឹងធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំងព្រោះអន្តរជាតិកំពុងតែធ្វើការអភិរក្សត្រីប្រភេទនេះយ៉ាងខ្លាំង។
គួរជម្រាបថា ប្រជុំកោះ Faroe ស្ថិតនៅតំបន់សមុទ្រអាត្លង់ទិកខាងជើង ចន្លោះប្រទេសន័រវែស និងអាយឡែន ហើយរួមមានកោះតូចៗចំនួន ១៨។ ទោះបីជាវាជាអាហារប្រពៃណី និងមិនអាចខ្វះបានក៏ដោយ ក៏រូបភាពនៃការកាប់សម្លាប់នេះ បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់បណ្តាប្រទេសអឺរ៉ុបគ្នាឯង និងអ្នកអភិរក្សសត្វសមុទ្រអន្តរជាតិ។ ប៉ុន្តែវាមិនខុសពីប្រទេសជប៉ុននោះទេ ព្រោះពាក្យថា «អាហារប្រពៃណី» និងការពារសុខភាពប្រចាំថ្ងៃបែបនេះ វាពិបាកនឹងបញ្ឈប់ខ្លាំងណាស់៕