(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកថា ជាទណ្ឌកម្មចោរព្រៃដែលមានចេតនាប្រឆាំង និងធ្វើបាបប្រជាជនកូរ៉េខាងជើងទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀង ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ។ ប៉ុន្តែចាប់ពេលនោះមក គេមិនឃើញមានការរីកចំរើនគួរឱ្យកត់សម្គាល់ណាមួយនោះទេ ផ្ទុយទៅវិញទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងនៅតែចោទប្រកាន់គ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏បានជម្រុញផងដែរឱ្យសហគមន៍អន្តរជាតិបន្តរក្សាការដាក់ទណ្ឌកម្មអតិបរមា លើរបបដឹកនាំលោក គីម ជុងអ៊ុន រហូតដល់យល់ ព្រមរំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង។
ដោយឡែកឆ្លើយតបនឹងទណ្ឌកម្មនេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយស្រង់សម្ដីលោក គីម ជុងអ៊ុន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោក គីម បានចាត់ទុកថា ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក មានចេតនាច្របាច់កប្រជាជនកូរ៉េខាងជើងទាំងមូល តាមរយៈការដាក់ទណ្ឌកម្មដូចពួកចោរព្រៃ និងការបិទការធ្វើពាណិជ្ជកម្មរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រតិកម្មរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅអំឡុងពេលលោកបំពេញទស្សនកិច្ច ទៅកាន់ការដ្ឋានសាងសង់តំបន់ឆ្នេរទេសចរណ៍ វ៉ុនសាន-កាល់ម៉ា (Wonsan-Kalma) នាពេលថ្មីៗនេះ៕