(ម៉ូស្គូ)៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តធុន Tu-160 ចំនួនពីរគ្រឿង បានធ្វើការចុះចតនៅលើតំបន់ទឹកកកអាក់ទិកជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
ក្រុមយន្តហោះខាងលើត្រូវគេរាយការណ៍ថា ធ្វើការហោះហើរចម្ងាយព ៧,០០០គីឡូម៉ែត្រ ចេញពីមូលដ្ឋានរបស់ពួកវា ដើម្បីមកដល់ព្រលានយន្តហោះ អាណាឌី (Anadyr) ដែលនាពេលថ្មីៗនេះ ទើបត្រូវបានធ្វើការកែលម្អឡើងវិញ ក្រោមក្របខណ្ឌនៃកម្មវីធីមួយ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់។ នៅអំឡុងពេលហោះហើរចម្ងាយរាប់ពាន់គីឡូម៉ែត្រនេះ ក៏មានការហ្វឹកហាត់ប្រើប្រាស់សព្វាវុធរបស់យន្តហោះ និងការបញ្ចូលសាំងនៅលើផ្ទៃអាកាសផងដែរ។
បើតាមក្រសួងការពារជាតិរុស្ស៊ី បច្ចុប្បន្នយន្តហោះសរុបចំនួន ១០គ្រឿង កំពុងស្ថិតក្នុងការហ្វឹកហាត់ ដោយក្នុងនោះរួមមានទាំងយន្តហោះ Tu-160, Tu-95MS, និង II-78 ជាដើម។ ក្រៅពីរុស្ស៊ី សហរដ្ឋអាមេរិកក៏កំពុងតែបង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់សមុទ្រអាក់ទិក តាមរយៈការពង្រឹងមូលដ្ឋានយោធានៅរដ្ឋអាឡាស្កា និងល្បាតជាប់ជានិច្ចនៃយន្តហោះយោធា ព្រមទាំងផ្កាយរណបរបស់ខ្លួន។
គួរបញ្ជាក់ថា ការចាប់ផ្តើមកក្រើកព័ត៌មានអំពីការបង្កើនឥទ្ធិពល រវាងមហាអំណាចនានា នៅតំបន់ប៉ូលខាងជើងផែនដីនេះ គឺមិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែដោយសារតែយុទ្ធសាស្ត្របច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ ទើបសារព័ត៌មាន និងអ្នកអង្កេតនានាមានការចាប់អារម្មណ៍ ចំពោះសកម្មភាពរសើបៗកើតឡើងថ្មីៗកន្លងមក នៅតំបន់សមុទ្រទឹកកកដែលអាចក្លាយសង្វៀនបង្កើនសាច់ដុំរវាងមហាអំណាចធំៗលើលោក គឺរុស្ស៊ី អឺរ៉ុប និងអាមេរិកនេះតែម្តង៕