(ឈីលី)៖ ដោយសារតែមានការព្រមានបំផ្ទុះគ្រាប់បែកកើតឡើងភ្លាមៗនោះ យន្តហោះអ្នកដំណើរដល់ទៅ ០៩គ្រឿង បានធ្វើការចុះចតជាបន្ទាន់នៅតាមបណ្តាប្រទេសក្នុងតំបន់អាមេរិកខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ឈីលី ជើងហោះហើរចេញ និងឆ្ពោះមកកាន់ប្រទេសអាមេរិកឡាទីនមួយនេះ បានធ្វើការចុះចតយ៉ាងតក់ក្រហលនៅក្នុងទីក្រុង រ៉ូសារីយ៉ូ (Rosario) នៃប្រទេសអាហ្សង់ទីន និងក្រុង ភីស្កូ (Pisco) នៃប្រទេសប៉េរូ ក្នុងចំណោមទីតាំងដទៃទៀត ហើយប៉ូលិសឈីលី កំពុងបើកការស៊ើបអង្កេតទៅលើករណីនេះ។
យ៉ាងណាមិញ ការគំរាមបំផ្ទុះគ្រាប់បែកនេះ ទំនងគឺជាការបោកប្រាស់តែប៉ុណ្ណោះ ដោយយន្តហោះ ០៣គ្រឿង ក្នុងចំណោមនោះត្រូវបានអាជ្ញាធររួចពិនិត្យរួចហើយ ដោយពុំមែនរកឃើញមានគ្រឿងផ្ទុះណាមួយនោះទេ ខណៈយន្តហោះដទៃទៀត កំពុងស្ថិតក្រោមការត្រួតពិនិត្យ។
គួរជម្រាបថា ការគំរាមខាងលើត្រូវបានធ្វើឡើងតាមរយៈការហៅទូរស័ព្ទមួយ មកកាន់មន្រ្តីនៃអាជ្ញាធរអាកាសចរណ៍ឈីលី ទើបឈានដល់ការផ្អាកជើងហោះហើរភ្លាមៗដើម្បីសុវត្ថិភាពនៃអ្នកដំណើររាប់រយនាក់៕