(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះជំនួយ ១០០លានដុល្លាររបស់អារ៉ាប៊ីសាអូឌីត ដើម្បីជួយរក្សាស្ថេរភាពនៅក្នុងតំបន់ដែលត្រូវបានរំដោះពីពួក ISIS ស្របពេលរដ្ឋបាលអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសកាត់បន្ថយជំនួយអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានលើកឡើងយ៉ាងដូច្នេះថា «ការផ្ដល់ជំនួយរបស់អារ៉ាប៊ីសាអូឌីត គឺពិតជាមានសារៈសំខាន់សម្រាប់ការរក្សាស្ថេរភាព នៅក្នុងតំបន់ដែលត្រូវបានរំដោះពីពួក ISIS»។ បច្ចុប្បន្នដែនដីគ្រប់គ្រងដោយ ISIS នៅសល់ ១,០០០គីឡូម៉ែត្រក្រឡា នៅក្នុងប្រទេសស៊ីរី ហើយប្រជាជនស៊ីរីជិត ១៥០,០០០នាក់ បានត្រឡប់មកកាន់ទីក្រុងរ៉ាកកាវិញបន្ទាប់ពីពួក ISIS រត់ចេញពីទីក្រុងមួយនេះ។
គួរបញ្ជាក់ថា ការសន្យាផ្ដល់ជំនួយរបស់អារ៉ាប៊ីសាអូឌីត កើតមានឡើង នៅចំពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសកាត់បន្ថយការផ្ដល់ជំនួយដល់សហគមន៍អន្តជាតិក្នុងនោះរួមមានទំាងជំនួយសម្រាប់ស៊ីរីតំបន់ វែសត៍ប៊ែង (West Bank) និង ហ្គាហ្សា (Gaza) ជាដើម៕