(វ៉ាស៊ីនតោន)៖ យោធាចិនបានពង្រីកប្រតិបត្តិការធ្វើសមយុទ្ធយោធាយន្ដហោះទម្លាក់គ្រាប់បែក នារយៈពេលប៉ុន្មានចុងក្រោយនេះ ទំនងជាមានគោលបំណងបង្កើនសមត្ថភាពវាយប្រហារលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។ នេះបើតាមការអះអាងរបស់ មន្ទីរបញ្ចកោណដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
មន្ទីរបញ្ចកោណធ្វើការវាយតម្លៃបែបនេះ នៅក្នុងរបាយការណ៍ប្រចំាឆ្នាំមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្ដីពីកិច្ចខិតខំ ប្រឹងប្រែងពង្រីកឥទ្ធិពលនៅលើពិភពលោករបស់ទីក្រុងប៉េកាំង ជាមួយការចំណាយលើកញ្ចប់ថវិកាយោធា ១៩០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧។ របាយការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេលបីឆ្នាំមកនេះ កងទ័ពរំដោះប្រជាជនចិន PLA បានធ្វើសមយុទ្ធយោធាយន្ដហោះទម្លាក់ម្ដងហើយម្ដងទៀតនៅក្នុងតំបន់ ហើយដែលនេះទំនងជាការហ្វឹកហាត់បង្កើនសមត្ថភាព វាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធអាមេរិក»។
គួរបញ្ជាក់ថា របាយការណ៍របស់មន្ទីរបញ្ចកោណ កើតមានឡើងខណៈចិន និងសហរដ្ឋអាមេរិក មានគំរោងជួបគ្នានៅចុងខែសីហា នេះ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយទាក់ទិងនឹងរបាយការណ៍របស់មន្ទីរបញ្ចកោណនៅឡើយទេ៕