(អូតាវ៉ា)៖ អ្នកអ៉ីស្លាមនៅកាណាដា ដែលគ្រោងធ្វើដំណើរទៅចូលរួមពិធីធម្មយាត្រា «ហាជ» ដែលជាបុណ្យសាសនាដ៏ធំប្រចាំឆ្នាំរបស់ពួកគេនោះ កំពុងប្រឈមនឹងការពន្យាពេលធ្វើដំណើរ ដោយសារតែបញ្ហាជម្លោះការទូត ជាមួយអារ៉ាប៊ីសាអូឌីត ដែលមិនទាន់រំងាប់ទៅវិញបាននៅឡើយនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
អ្នកប្រតិបត្តិសាស្រ្តអ៊ីស្លាមនៅកាណាដាជាច្រើននាក់ បានកក់ជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍រ៉ាប៊ីសាអូឌីតតាំងតែពីយូររួចស្រេចទៅហើយ ដើម្បីចូលរួមពិធីបុណ្យហាជ (Hajj) នៅឯទីសក្ការៈបូជាក្នុងទីក្រុងម៉េកកា (Mecca) របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ទី២៤ ខែសីហានេះ។ ក្រៅនេះ សិស្ស-និស្សិតអារ៉ាប៊ីសាអូឌីត ក៏កំពុងជួបទុក្ខធំក្នុងការរៀបចំខ្លួនវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមការបង្គាប់របស់រដ្ឋាភិបាលផងដែរ ឲ្យបានមុនចុងខែនេះផងដែរ។
គួរជម្រាបថា ទីក្រុងរីយ៉ាដ បានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតក៏ដូចជាពាណិជ្ជកម្ម ជាមួយទីក្រុងអូតាវ៉ាកាលពីដើមខែនេះ ដើម្បីជាការឆ្លើយតបចំពោះពាក្យសម្តីរបស់រដ្ឋមន្រ្តីការបរទេសកាណាដា ដែលបានទាមទារឲ្យមានការដោះលែងក្រុមសកម្មជនសង្គមស៊ីវិល ដែលជាប់ឃុំខ្លួនក្នុងព្រះរាជាណាចក្រនៅមជ្ឈិមបូព៌ានេះ។ បន្ថែមពីនេះ អារ៉ាប៊ីសាអូឌីត ក៏បានបញ្ចប់កម្មវិធីអប់រំនិងកម្មវិធីវេជ្ជសាស្រ្ត ដែលឧបត្ថម្ភដោយរដ្ឋនៅប្រទេសកាណាដា ថែមទៀតផង ហើយលទ្ធផលគឺសិស្ស-និស្សិតអារ៉ាប៊ីសាអូឌីត ធ្វើយ៉ាងណាត្រូវប្រញាប់ត្រឡប់ទៅស្រុកកំណើតវិញ ឲ្យបានមុនពេលកំណត់។ មិនតែប៉ុណ្ណោះ ទីក្រុងរីយ៉ាដ ក៏បានសម្រេចផ្អាកជើងហោះហើរជាមួយកាណាដាផងដែរ។
ខណៈបញ្ហាជម្លោះនៅតែបន្តជាប់គាំង កាណាដាបាននិងកំពុងតែស្នើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ជួយប្រមែប្រមូលការគាំទ្រ និងចរចាជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីដោះស្រាយវិវាទនេះ៕