(ឥណ្ឌា)៖ ចំនួនជាផ្លូវការនៃអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់យ៉ាងខ្លាំង នៅរដ្ឋ Kerala ដែលជាទីទាក់ទាញភ្ញៀវទេសចររបស់ប្រទេសឥណ្ឌា បានកើនឡើងដល់៨៦នាក់ហើយ នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ច្រើនជាងចំនួនដែលចេញផ្សាយជាផ្លូវការនេះ ស្របពេលដែលមានការព្រមានថា នឹងកើតមានព្យុះភ្លៀងបន្ថែមទៀត, នេះបើយោងតាមសារព័ត៌មាន Channel News Asia បានចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ។
«យ៉ាងហោចណាស់ មានមនុស្ស២១នាក់បានស្លាប់នៅក្នុងថ្ងៃនេះ, ចំនួនជាផ្លូវការនៃអ្នកស្លាប់ ឥឡូវនេះគឺ៨៦នាក់», នេះបើតាមសម្តីអ្នកនាំពាក្យរដ្ឋ Kerala នៃប្រទេសឥណ្ឌា បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។
រដ្ឋ Kerala ដែលមានភាពល្បីល្បាញដោយទេសភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាល រួមជាមួយទិដ្ឋភាពនៃចម្ការតែនោះ បាននិងកំពុងរងការវាយលុកយ៉ាងដំណំពីការធ្លាក់ភ្លៀងជោគជាំខុសពីធម្មតា នារដូវវស្សាឆ្នាំនេះ ខណៈភូមិរាប់រយកន្លែង ត្រូវបានជន់លិច ហើយជើងហោះហើរចេញនិងចូលប្រចាំតំបន់ត្រូវបានផ្អាកថែមទៀត។
គួរជម្រាបថា ក្រៅពីនេះកំណាត់ផ្លូវសរុបប្រវែងជាង១០,០០០គីឡូម៉ែត្រ ព្រមទាំងលំនៅឋានរាប់ពាន់ខ្នង ក៏ត្រូវបំផ្លិចបំផ្លាញទាំងស្រុង ឬធ្វើឲ្យខូចខាតនៅទូទាំងរដ្ឋផងដែរ ខណៈអាជ្ញាធរក្នុងតំបន់បានចេញសេចក្តីប្រកាសអាសន្ន ដើម្បីឲ្យប្រជាជនមានការប្រុងយ័ត្នខ្ពស់ នៅចំពោះមុខការបន្តធ្លាក់ភ្លៀងកាន់តែខ្លាំងថែមទៀត៕