(អ៉ីតាលី)៖ អាជ្ញាធរអ៉ីតាលី បានឲ្យដឹងថា រហូតមកទល់ថ្ងៃនេះ មនុស្សចន្លោះពី១០ទៅ២០នាក់ នៅតែបន្តបាត់ខ្លួននៅក្រោមគំនរស្ពានខ្នាតធំ ដែលបានបាក់នៅក្រុង Genoa ភាគពាយ័ព្យប្រទេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ និងបានផ្តាច់ជីវិតមនុស្សជាច្រើននាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
បើតាមតួលេខផ្លូវការពីអាជ្ញាធរអ៉ីតាលី មនុស្សដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មដ៏អាក្រក់នេះ មានចំនួន៣៨នាក់។ ជុំវិញរឿងនេះ រដ្ឋមន្រ្តីដឹកជញ្ជូនអ៉ីតាលី លោក ដានីឡូ តូនីនែលលី (Danilo Toninelli) ក៏បានទាមទារឲ្យបណ្តាប្រធានគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Autostrade per l'ltalia ដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពាន ចុះចេញពីតំណែងផងដែរ ហើយបន្ថែមពីក្រុមហ៊ុនអាចនឹងត្រូវដកសិទ្ធិប្រតិបត្តិការស្ពានថែមទៀត។
គួរជម្រាបថា សំណងស្ពាន Morandi ត្រូវបានកសាងឡើងតាំងតែពីទសវត្សរ៍ទី៦០មកម្ល៉េះ ហើយ បានស្ថិតក្រោមការជួលជុលកែលម្អកាលពីឆ្នាំ២០១៦៕