(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមាន ទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ គ្រោះទឹកជំនន់នៅរដ្ឋខេរ៉ាឡា (Kerala) ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ នៅភាគខាងត្បូងប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្សសរុប៦៧នាក់ ខណៈជនរងគ្រោះជាង៥០,០០០នាក់ កំពុងស្វែងរកទីជ្រកកោណ នៅក្នុងជុំរំបណ្តោះអាសន្ន៕
២៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន និងរុស្ស៊ី ដោយចោទថាមានជាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ខុសច្បាប់ជាមួយកូរ៉េខាងជើង ដោយរំលោភលើទណ្ឌកម្មសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកហូតឯកសិទ្ធិពិសេសផ្នែកសន្តិសុខ (Security Clearance) របស់អតីតប្រធានទីភ្នាក់ងារចារកម្ម CIA កាលពីសម័យដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា គឺលោក ចន ប្រេនណាន (John Brenna) សម្រាប់ទង្វើដែលលោក ត្រាំ បានចាត់ទុកថាជា ការចោទប្រកាន់គ្មានភស្តុតាងនិងហួសហេតុមកលើរដ្ឋបាល របស់លោក៕
៤៖ រដ្ឋាភិបាលចិន នឹងបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមទៅកាន់សហរដ្ឋអាមេរិក នៅចុងខែសីហានេះ ដើម្បីចាប់ផ្ដើមកិច្ចចរចា ពាណិជ្ជកម្មឡើងវិញ នៅក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ នៅតែបន្តកើនឡើង។
៥៖ ទីភ្នាក់ងារអវកាសចិនបានបង្ហាញខ្លួន គំរូយានអវកាសទី០៤ សម្រាប់ចុះចតនៅលើឋានព្រះច័ន្ទ ដែលមានឈ្មោះបណ្តោះអាសន្នថា «Chang'e-4» និងបានដាក់ចេញនូវព្រឹត្តិការណ៍មួយ ដើម្បីប្រកួតប្រជែងដាក់ឈ្មោះឲ្យយានមួយនេះថែមទៀតផង៕
៦៖ ចៅក្រមម៉ាឡេស៊ីម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តថាសវនាការកាត់ទោសស្ត្រីពីរនាក់ ដែលត្រូវបានចោទប្រកាន់ ពីបទសម្លាប់បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវបន្តធ្វើឡើង ហើយបានស្នើឱ្យអ្នកទាំងពីរ ត្រៀមការពារខ្លួនតាមផ្លូវច្បាប់៕