(ម៉ាល់ឌីវ)៖ ប្រធានាធិបតីម៉ាល់ឌីវលោក អាប់ឌូលឡា យ៉ាមីន (Abdulla Yameen) បានប្រកាសឲ្យដឹងថា រមណីដ្ឋានប្រណិតថ្មីចំនួន២១កន្លែង នៅលើប្រជុំកោះទេសចរណ៍នេះ នឹងត្រូវបើកទ្វារទទួលភ្ញៀវ ដែលជាពិសេសមកពីអន្តរជាតិ នៅមុនដំណាច់ឆ្នាំ២០១៨នេះ ដើម្បីជំរុញវិស័យទេសចរណ៍ដែលកំពុងមានសក្តានុពលរបស់ប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
លោក Yameen បានលើកឡើងថា រីសតថ្មីសរុប៣០កន្លែងហើយ ត្រូវបើកសម្ពោធឡើង នៅក្រោមរដ្ឋបាលដឹកនាំរបស់លោក ដោយរីសតចំនួន២១កន្លែងទៀត ត្រូវបានគ្រោងនឹងបើកទ្វារជាបន្តបន្ទាប់ទៀត ឲ្យបានមុនដំណាច់ឆ្នាំនេះ។ បើតាមលោកប្រធានាធិបតី ការងារជិត៣០ភាគរយនៃសំណង់រីសតទាំង២១នេះ នៅមិនទាន់ហើយរួចរាល់ជាស្ថាពរនៅឡើយទេ។
គួរជម្រាបថា វិស័យទេសចរណ៍នៅម៉ាល់ឌីវនាឆ្នាំនេះ មានសន្ទុះទៅមុខយ៉ាងខ្លាំងក្លា ដោយភ្ញៀវទេសចរសរុប៧២៦,៥១៥ បានធ្វើដំណើរកម្សាន្តមកកាន់ប្រទេសដីកោះ ដែលស្ថិតនៅលើមហាសមុទ្រឥណ្ឌា ក្នុងអំឡុងរយៈពេល០៦ខែដំបូងនៃឆ្នាំ២០១៨ ដោយវាគឺជាអាត្រាកំណើន១០.៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕