(តូក្យូ)៖ អាជ្ញាធរជប៉ុន ត្រូវគេរាយការណ៍ថា កំពុងស៊ើបអង្កេតថាតើ ក្រុមហ៊ុន Apple ពិតជាបានដាក់សម្ពាធដោយលួចលាក់ទៅលើក្រុមហ៊ុន Yahoo Japan ឲ្យបិទកម្មវិធីលក់និងចែកចាយហ្គេមនៅលើស្មាតហ្វូន ដែលបានប្រកួតប្រជែងជាមួយកម្មវិធី App Store របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះមែនឬក៏អត់។ នេះបើតាមសេចក្តីរាយការណ៍របស់វែបសាយ Nikkei ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
កម្មវិធីឈ្មោះថា Game Plus ដែលផ្តោតទៅលើវែបសាយ និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Yahoo Japan កាលពីរដូវក្តៅឆ្នាំមុន អនុញ្ញាតឲ្យអ្នកប្រើប្រាស់លេងហ្គេមកម្សាន្តបានយ៉ាងងាយស្រួល ដោយពុំចាំបាច់ត្រូវទាញយក (Download) មកដាក់ក្នុងទូរស័ព្ទផ្ទាល់ឡើយ ឲ្យតែមានភ្ជាប់អ៊ីនធើណែត ហើយវាមានវិន័យសម្រាប់ការលក់ក៏ដូចជាអាប់ដេត (Update) ធូរស្រាលជាងឆ្ងាយធៀបនឹងកម្មវិធី App Store របស់ក្រុមហ៊ុន Apple ដែលបច្ចុប្បន្នបានកើនតម្លៃខ្លួនដល់ខ្ទង់០១ទ្រីលានដុល្លារទៅហើយនោះ។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍ព័ត៌មានខាងលើ ត្រឹមតែប៉ុន្មានខែក្រោយប៉ុណ្ណោះ Yahoo Japan បានកាត់បន្ថយកញ្ចប់ថវិកាសម្រាប់កម្មវិធីផ្តល់សេវាហ្គេមរបស់ខ្លួន ហើយបានបង្ហើបប្រាប់ដៃគូសហការថា វាគឺដោយសារតែសម្ពាធពី Apple។ ហើយ Yahoo Japan ត្រូវគេអះអាងថា បានដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មាការពាណិជ្ជកម្មដោយស្មើភាព (FTC) ជប៉ុន កាលពីអំឡុងពេលនោះ៕