(ចិន)៖ ស្លាកយីហោក្នុងស្រុក និងក្រៅស្រុក កំពុងស្វែងយល់ពីតម្រូវការ ក្នុងការបង្កើនគុណភាពផលិតផលល្អៗ របស់ពួកគេឱ្យបានទៀងទាត់ ដើម្បីរក្សាជំហររបស់ខ្លួន នៅក្នុងទីផ្សារផលិតផលចិន ដែលពោរពេញទៅដោយ ភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញ។
មែកដូណាល់ (McDonald’s) ស្លាកយីហោអាហារសម្រន់ដ៏ធំបំផុត និង ម៉ាកសាម (Maxam) ស្លាកយីហោឡេលាបប្រអប់ដៃ ដែលលក់ដាច់បំផុត មានភាពស្រដៀងគ្នាត្រង់ថា ផលិតផលនាំមុខរបស់ពួកគេ ត្រូវបានអតិថិជនស្គាល់ច្រើន ជាងស្លាកយីហោរបស់ខ្លួន។
មែកដូណាល់ (McDonald’s) បានលក់ហេមបឺហ្គឺ Big Mac អស់ជាង១៣០០លាននំ កាលពីឆ្នាំទៅ។ ស្រដៀងគ្នានេះដែរ ម៉ាកសាម (Maxam) បានបង្កើតមុខជំនួញរបស់ខ្លួន ក្នុងក្រុងសៀងហៃនៅឆ្នាំ១៩៦២ ដែលភាគច្រើនត្រូវបានគេស្គាល់ថាជា អ្នកផ្គត់ផ្គង់ឡេលាបប្រអប់ដៃ មានការលក់ឡើងដល់១៣០ភាគរយ ត្រឹមត្រីមាសដំបូងនៃឆ្នាំ២០១៨។
អ្នកស្រី ចាង ជាយីន នាយកប្រតិបត្តិ McDonald របស់ចិន លើកឡើងថា «យើងនៅតែបង្កើតម៉ូដអាហារថ្មីៗចេញពី Big Mac។ យើងបានដាក់ឱ្យដំណើរការ Grand Big Mac និង Junior Big Mac នៅក្នុងប្រទេសចិន តាំងពីខែឧសភា»។
ការបេជ្ញារបស់មែកដូណាល់ (McDonald’s) ដើម្បីអភិវឌ្ឍបន្ថែមទៅលើផលិតផលសំខាន់របស់ខ្លួន មិនត្រឹមតែមាននៅក្នុងលំនាំច្នៃផលិតផលប៉ុណ្ណោះទេ តែក៏មាននៅក្នុងយុទ្ធសាស្ត្រទីផ្សារជំនួយផងដែរ។ រីឯម៉ាកសាម (Maxam) ក៏កំពុងធ្វើការបង្កើតផលិតផល ឡេលាបប្រអប់ដៃរបស់ពួកគេ ឱ្យបានច្រើនប្រភេទផងដែរ ដើម្បីរក្សាផលិតផលទាំងនោះ ឱ្យទាន់សម័យនិងសាកសម ទៅតាមរសនិយមរបស់អតិថិជន ដែលប្រែប្រួលទៅតាមតម្រូវការ។
លោក លី ឈិនគុន អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ Maxam និយាយងថា «ការស្ទង់មតិមួយដែលយើង បានធ្វើកាលពីឆ្នាំមុនបានបង្ហាញថា អតិថិជនមានតម្រូវការថែទាំប្រអប់ដៃខុសៗគ្នា ផ្អែកតាមកាលៈទេសៈ។ ជាឧទាហរណ៍ នៅពេលប្រកបការងារផ្ទះ ដូចជាលាងចាន និងបោកគក់ខោអាវ ប្រអប់ដៃរបស់អតិថិជនអាចត្រូវទក់ទី ដោយសារសារធាតុគីមីបានយ៉ាងងាយស្រួល។ ដូច្នេះ យើងក៏បានបំផុសគំនិតមួយគឺ ថែទាំតាមត្រូវការ កាលពីឆ្នាំទៅមិញ ដែលមិនត្រឹមតែជាការអភិវឌ្ឍបន្ថែម ទៅលើផលិតផលឡេលាបប្រអប់ដៃ របស់យើងប៉ុណ្ណោះទេ តែវាក៏បានផ្ដល់ជូនការថែទាំដ៏ជាក់លាក់បន្ថែមទៀត ទៅដល់អតិថិជនផងដែរ។ យើងនឹងសហការជាមួយ White Rabbit ដើម្បីបង្កើតក្រែមលាបមាត់ ដែលមានក្លិនដូចស្ករគ្រាប់ទឹកដោះគោ នៅពាក់កណ្ដាលឆមាសទីពីរនៃឆ្នាំនេះ។
ការធ្វើបែបនេះនឹងមានប្រយោជន៍ ដល់មូលដ្ឋានអតិថិជនរបស់យើង»។
ជាការពិតណាស់ គុណភាពនៃផលិតផលតែងត្រូវបានគិតគូរមុនគេជានិច្ច។
លោក ក្លេមិន យីប ដៃគូមជ្ឈមណ្ឌលបទពិសោធន៍ Pwc Chinese Mainland & HK និយាយថា «ខ្ញុំយល់ថា ការរួមបញ្ចូលគ្នាជាអ្វីៗគ្រប់យ៉ាង ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកពិតជាមានផលិតផល ប្រកបដោយគុណភាព ហើយជាអ្វីដែលអតិថិជនពិតជាត្រូវការខ្លាំង ចូលចិត្តខ្លាំងហើយឬនៅ ហើយតើអ្នកបង្កើតយុទ្ធសាស្ត្រទីផ្សារពិភពលោក តាមរបៀបណាដើម្បីជំរុញឱ្យផលិតផលរបស់អ្នក បានទៅដល់ដៃរបស់អតិថិជន។ សព្វថ្ងៃនេះ អ្នកមានវិធីសាស្ត្រច្រើនបែបណាស់ ដើម្បីធ្វើវា ហើយខ្ញុំគិតថាឱកាសសម្រាប់ផលិតផល ប្រសិនបើវាល្អមានគុណភាពនោះ វាប្រាកដជាសាយភាយ ទៅដល់អ្នកប្រើប្រាស់លឿនជាងមុនឆ្ងាយណាស់ បើធៀបនឹងពេលកន្លងទៅ»៕ (សារព័ត៌មាន CCTV របស់ចិន)