(ប៉េកាំង)៖ រដ្ឋាភិបាលចិន នឹងបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមទៅកាន់សហរដ្ឋអាមេរិក នៅចុងខែសីហានេះ ដើម្បីចាប់ផ្ដើមកិច្ចចរចា ពាណិជ្ជកម្មឡើងវិញ នៅក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ នៅតែបន្តកើនឡើង។ នេះបើតាមក្រសួងពាណិជ្ជកម្មចិន ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
ក្រសួងពាណិជ្ជកម្មចិន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងទៀតថា អនុរដ្ឋមន្ត្រី ពាណិជ្ជកម្មចិន លោក Wang Shouwen នឹងដឹកនាំប្រតិភូចិនទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជានឹងត្រូវជួបពិភាក្សាការងារជាមួយ មន្ត្រីរតនាគារជាតិអាមេរិក លោក David Malpass តបតាមការអញ្ជើញរបស់ទីក្រុងវ៉ាស៊ីនតោន។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា៖«រដ្ឋាភិបាលចិនស្វាគមន៍ជានិច្ចកិច្ចសន្ទនា និងការទំនាក់ទំនងទាំងឡាយណាដែល ឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉េកាំង នៅតែប្រកាន់ជំហរប្រឆាំងជាដាច់ខាតនឹងការ អនុវត្តពាណិជ្ជកម្មឯកតោភាគី និងគាំពារនិយម ហើយនឹងមិនទទួលស្គាល់ឡើយនូវវិធានឯកតោភាគីរឹតត្បិតលើការធ្វើ ពាណិជ្ជកម្ម»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូចិន ធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិក និងចិនត្រូវបានគេរាយការណ៍ថាគ្រោងនឹង អនុវត្តការដំឡើងពន្ធសាជាថ្មីលើផលិតផលមានតម្លៃជាង១៦ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក នៅថ្ងៃទី២៣ ខែសីហានេះ៕