(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកហូតឯកសិទ្ធិពិសេសផ្នែកសន្តិសុខ (Security Clearance) របស់អតីតប្រធានទីភ្នាក់ងារចារកម្ម CIA កាលពីសម័យដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា គឺលោក ចន ប្រេនណាន (John Brenna) សម្រាប់ទង្វើដែលលោក ត្រាំ បានចាត់ទុកថាជា ការចោទប្រកាន់គ្មានភស្តុតាងនិងហួសហេតុ មកលើរដ្ឋបាលរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សេនដឺ (Sarah Sanders) លោក ដូណាល់ ត្រាំ ក៏បានប្រកាសថា រូបលោកកំពុងតែធ្វើការវាយតម្លៃផងដែរថាតើ អតីតមន្រ្តីជាន់ខ្ពស់ដទៃៗទៀត ដែលសុទ្ធតែធ្លាប់បានរិះគន់មិនសំចៃមាត់មកលើលោកនោះ គួរតែត្រូវដកហូតសិទ្ធិពិសេសនេះដូចគ្នាដែរឬយ៉ាងណា។
គួរជម្រាបថា ការសម្រេចចិត្តរបស់លោក ត្រាំ ដែលជាប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក Brenna ដែលបានដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក CIA នៅក្រោមរដ្ឋបាលដឹកនាំរបស់ លោក អូបាម៉ា ដែលមកពីគណបក្សប្រជាធិបតេយ្យ បានធ្វើការរិះគន់ធ្ងន់ៗដាក់លោក ត្រាំ សម្រាប់ការបង្ហោះសារវាយប្រហារទៅលើអតីតទីប្រឹក្សានៅសេតវិមានលោកស្រី អូម៉ារ៉ូសា ញូមែន (Omarosa Newman) ដែលបានសរសេរនិងបោះពុម្ពផ្សាយសៀវភៅ ដែលបកអាក្រាតពីផ្ទៃក្នុងសេតវិមាន ក៏ដូចជាអំពីលោក ដូណាល់ ត្រាំ ផ្ទាល់។ Security Clearance គឺជាសិទ្ធិនៃការទទួលបានឬចូលមើលព័ត៌មានសម្ងាត់សំខាន់ៗរបស់ជាតិ និងអាចចេញចូលកន្លែងហាមឃាត់ណាមួយបាន៕