(ញូដេលី)៖ គ្រោះទឹកជំនន់នៅរដ្ឋខេរ៉ាឡា (Kerala) ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ នៅភាគខាងត្បូងប្រទេសឥណ្ឌា បានផ្តាច់​ជីវិតមនុស្សសរុប​៦៧នាក់ ខណៈជនរងគ្រោះ​ជាង៥០,០០០នាក់ កំពុងស្វែងរកទីជ្រកកោណ នៅក្នុងជុំរំបណ្តោះអាសន្ន។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។

រដ្ឋ Kerala ដែលមានភាពល្បីល្បាញដោយ​ទេសភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាល រួមជាមួយ​ទិដ្ឋភាពនៃចម្ការ​តែនោះ បាននិងកំពុងរង​ការវាយលុកយ៉ាងដំណំ​ពី​ការធ្លាក់ភ្លៀងជោគជាំខុសពីធម្មតា នារដូវវស្សាឆ្នាំនេះ ខណៈភូមិរាប់រយកន្លែង ត្រូវបានជន់លិច ហើយ​ជើង​ហោះហើរចេញនិងចូលប្រចាំតំបន់ត្រូវបានផ្អែកថែមទៀត។

គួរជម្រាបថា ក្រៅពីនេះ កំណាត់ផ្លូវសរុប​ប្រវែងជាង១០,០០០គីឡូម៉ែត្រ ព្រមទាំង​លំនៅឋានរាប់ពាន់ខ្នង ក៏ត្រូវបំផ្លិចបំផ្លាញទាំងស្រុង​ឬធ្វើឲ្យខូចខាត នៅទូទាំងរដ្ឋ​ផងដែរ ខណៈ​អាជ្ញាធរក្នុងតំបន់បានចេញសេចក្តីប្រកាសអាសន្ន ដើម្បីឲ្យប្រជាជនមានការប្រុងយ័ត្ន​ខ្ពស់ នៅចំពោះមុខការបន្តធ្លាក់ភ្លៀងកាន់តែខ្លាំងថែមទៀត៕