ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨! (Photo Inside)
15-08-2018 20:17
(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលទើបតែចេញផ្សាយ បានឲ្យដឹងថា ការកើនឡើងកម្តៅសកលបង្កឡើងដោយមនុស្ស នឹងរួមគ្នាជាមួយកំណើនធម្មជាតិនៃសីតុណ្ហភាពផែនដី ធ្វើឲ្យរយៈពេល០៥ឆ្នាំខាងមុខ មានអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា៕
២៖ រដ្ឋមន្រ្តីដឹកជញ្ជូនអ៉ីតាលី លោក ដានីឡូ តូនីនែលលី (Danilo Toninelli) នាថ្ងៃពុធនេះ បានអំពាវនាវឲ្យប្រធានគ្រប់គ្រងជាន់ ខ្ពស់ក្រុមហ៊ុនដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពានដែលបានបាក់នៅទីក្រុង Genoa កាលពីម្សិលមិញនោះនិងផ្តាច់ជិវិត មនុស្សកើនដល់៣៧នាក់ លាលែងពីតំណែង៕
៣៖ រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះបានទទួលស្គាល់ថាការរៀបចំជំនួបរវាងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Bolton នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅសប្ដាហ៍ក្រោយនេះកំពុងដំណើរការទៅមុខ៕
៤៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយជាសាធារណៈថាកងទ័ពអវកាសអាមេរិក គឺពិតជាមានសារៈ សំខាន់ណាស់ ក្នុងការការពារផ្កាយរណបអាមេរិក ពីការវាយប្រហារដោយអាវុធពីសំណាក់ចិន និងរុស្ស៊ី៕
៥៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងជំនួបកំពូលមួយ ដែលអាចនឹងប្រព្រឹត្តទៅមុនកាលកំណត់៕
៦៖ ប្រធានាធិបតីតួកគីលោក រេសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការ ដំឡើងពន្ធទៅលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក រួមមានដូចជារថយន្តដឹកអ្នកដំណើរក្នុងអត្រា១២០ភាគរយលើគ្រឿង ស្រវឹង១៤០ភាគរយ និងលើថ្នាំជក់៦០ភាគរយ ហើយក្រៅពីនេះការយកពន្ធលើគ្រឿងសម្អាង អង្ករ និងធ្យូងថ្មក៏ត្រូវបានដំឡើង ផងដែរ៕