(ប៉ារីស)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលទើបតែចេញផ្សាយ បានឲ្យដឹងថា ការកើនឡើងកម្តៅសកលបង្កឡើងដោយមនុស្ស នឹងរួមគ្នាជាមួយកំណើនធម្មជាតិនៃសីតុណ្ហភាពផែនដី ធ្វើឲ្យរយៈពេល០៥ឆ្នាំខាងមុខ មានអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
ការសិក្សាខាងលើដែលចុះផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្រ្ត Nature Communications បានលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលបង្កឡើងទាំងដោយកត្តាមនុស្សនិងកត្តាធម្មជាតិ នឹងបង្កើនលទ្ធភាពនៃការកើនឡើងកម្តៅក្នុងកម្រិតខ្ពស់ នៅលើផ្ទៃទឹកនៃមហាសមុទ្រ ដែលជារឿងគ្រោះថ្នាក់មួយ ព្រោះវាអាចផ្តល់ឱកាសឲ្យព្យុះកំណាចហឺរីឃិន (Hurricane) និងព្យុះទីហ្វុង (Typhoon) កកើតឡើងបានយ៉ាងងាយ។ ក្រៅពីនេះ រលកកម្តៅ គ្រោះរាំងស្ងួត និងទម្រង់អាកាសធាតុអាក្រក់ៗផ្សេងទៀត ក៏នឹងកើតឡើងញឹកញាប់ថែមទៀតផង។
គួរជម្រាបថា សីតុណ្ហភាពនៅផ្ទៃផែនដី តែងមានការប្រែប្រួលឡើងចុះជាប់ជានិច្ច ខណៈប្រមាណ១១,០០០ចុងក្រោយនេះ កម្រិតនៃការប្រែប្រួលនោះ គឺពុំជាអ្វីគួរឲ្យកត់សម្គាល់ខ្លាំងឡើយ។ ដោយឡែក អ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះ បានរកឃើញថា សម្រាប់រយៈពេលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ការកើនឡើងកម្តៅដោយធម្មជាតិ នឹងមានឥទ្ធិពលស្មើគ្នានឹងបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្សដែរ៕