Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ នឹងជួបជាមួយក្រុមមន្ត្រីរុស្ស៊ីនៅសប្ដាហ៍ក្រោយ

15-08-2018 15:27

(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះបានទទួលស្គាល់ថាការរៀបចំជំនួបរវាងក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Bolton នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅសប្ដាហ៍ក្រោយនេះកំពុងដំណើរការទៅមុខ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្នីសិទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«ការទំនាក់ ទំនងនានាកំពុងស្ថិតក្រោមផែនការចាំបាច់ និងកំពុងដំណើរការទៅមុខ»។ ការលើកឡើងបែបនេះរបស់លោក Peskov ធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានឱ្យដឹងថាលោក John Bolton នឹងត្រូវជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ីរបស់ លោក ក្រោយជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង Helsinki ប្រទេសហ្វាំឡង់ កាលពី ខែកក្កដាកន្លងទៅ។

បន្ថែមពីលើនេះ សេតវិមានបានបង្ហើបទៀតថា មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពីបញ្ហាសន្តិសុខសកលលោក នៅ ក្នុងបរិបទដែលរុស្ស៊ីកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងខណៈមានការរំពឹងទុកថាកិច្ចប្រជុំនេះក៏នឹងផ្ដោតសំខាន់ផងដែរ ជុំវិញការរៀបចំជំនួបកំពូលរវាងលោកត្រាំ និងលោក ពូទីន ជាថ្មីម្ដងទៀតនៅសេតវិមាន៕