(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រេសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការដំឡើងពន្ធទៅលើផលិតផលនាំចូលពីសហរដ្ឋអាមេរិក រួមមានដូចជារថយន្តដឹកអ្នកដំណើរក្នុងអត្រា១២០ភាគរយ លើគ្រឿងស្រវឹង១៤០ភាគរយ និងលើថ្នាំជក់៦០ភាគរយ ហើយក្រៅពីនេះការយកពន្ធលើគ្រឿងសម្អាង អង្ករ និងធ្យូងថ្ម ក៏ត្រូវបានដំឡើងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
បើតាមសាររបស់អនុប្រធានាធិបតីតួកគី លោក ហ្វូអាត អុកតេ (Fuat Oktay) ទីក្រុងអង់ការ៉ា បានសម្រេចបង្កើនអត្រាយកពន្ធលើទំនិញរបស់អាមេរិក នៅក្រោមគោលការណ៍មានទៅមានមក ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារដោយចេតនារបស់រដ្ឋបាលសហរដ្ឋអាមេរិក មកលើសេដ្ឋកិច្ចរបស់តួកគី។ បន្ថែមពីនេះទៀត លោក អឺដូហ្គាន់ ថែមទាំងបានអំពាវនាវប្រជាជនឲ្យឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិចរបស់សហរដ្ឋអាមេរិក ដូចជាទូរស័ព្ទដៃ iPhone ជាដើម។
គួរជម្រាបថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដំឡើងពន្ធនាំចូលពីតួកគី ទៅលើដែកថែបឲ្យដល់អត្រា៥០ភាគរយ និងអាលុយមីញ៉ូមឲ្យដល់២០ភាគរយ ខណៈភ្លាមៗក្រោយមកតម្លៃលុយលីរ៉ា (Lira) របស់តួកគី បានដាំក្បាលចុះខ្លាំងមិនធ្លាប់មាននោះឡើយ។
ការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៦ ក្រោយពីអាចារ្យគ្រឹស្តអាមេរិក អានឌ្រូ ប្រ៊ូនសុន (Andrew Brunson) ត្រូវបានចាប់ខ្លួននៅតួកគី ក្រោមការចោទប្រកាន់ថា ជាសមាជិកនៃក្រុមចលនា ដែលអង់ការ៉ាអះអាងថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពីខែកក្កដា ឆ្នាំ២០១៦ និងចាត់ទុកជាក្រុមភេរវករ៕