ប៉ូលិសហ្វីលីពីន បាញ់សម្លាប់ក្រុមសកម្មប្រយុទ្ធ០៧នាក់ នៅភាគកណ្ដាលនៃប្រទេស
15-08-2018 11:47
(ម៉ានីល)៖ ប៉ូលិសហ្វីលីពីន បានបាញ់សម្លាប់ជនប្រដាប់អាវុធ០៧នាក់ ដែលសង្ស័យថាជាសមាជិកក្រុមឧទ្ទាមឆ្វេងនិយម នៅក្នុង ការបះទង្គិចគ្នាមួយនៅថ្ងៃពុធនេះ នៅឯភាគកណ្ដាលប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
យោងតាមប៉ូលិសហ្វីលីពីន ការប៉ះទង្គិចគ្នាដោយអាវុធខាងលើបានផ្ទុះឡើង កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ នៅក្នុងភូមិ មួយក្នុងទីក្រុង San Jose នៃខេត្ត Antique នៅពេលដែលក្រុមឧទ្ទាមឆ្វេងនិយម ឈ្មោះថា កងទ័ពប្រជាជនថ្មី (NPA) បើកការ
បាញ់ប្រហារលើមន្ត្រីប៉ូលិសមួយក្រុមនៅក្នុងតំបន់។ ក្នុងហេតុការណ៍បាញ់ប្រហារនេះ បណ្ដាលឱ្យសមាជិកក្រុមឧទ្ទាម០៧នាក់ បានបង់ជីវិត រីឯខាងប៉ូលិសហ្វីលីពីនមិនមានអ្នកស្លាប់នោះទេ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមឆ្វេងនិយម នៅក្នុងប្រទេសហ្វីលីពីន គឺជាក្រុមអ្នកតស៊ូប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយូរជាងគេមួយនៅក្នុង តំបន់អាស៊ី។ ចំណែកឯ ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានលុបចោលកិច្ចខិតខំប្រឹងប្រែងចរចាសន្តិភាពជាមួយក្រុមឧទ្ទាម ឆ្វេងនិយមទាំងនេះដែរ៕