មនុស្ស៣នាក់ស្លាប់ និង៤៥នាក់របួស ក្នុងពេលបាញ់កាំភ្លើងនិងកាំជ្រួច អបអរថ្ងៃបុណ្យឯករាជ្យជាតិ នៅប៉ាគីស្ថាន
15-08-2018 10:56
(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងតិច០៣នាក់បានបាត់បង់ជីវិត និង៤៥នាក់បានរងរបួស នៅក្នុងឧប្បត្តិហេតុខុសៗគ្នានៃការបាញ់ភ្លើងនិងបាញ់កាំជ្រួចអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ នៅតាមទីក្រុងនានា នៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
ករណីទាំងប៉ុន្មានខាងលើ បានកើតមានឡើង នៅក្រុងការ៉ាជី (Karachi) នៃខេត្តស៊ីន (Sindh) ភាគខាងត្បូងប៉ាគីស្ថាន ព្រមទាំងនៅក្រុងរ៉ាវ៉ាល់ភីនឌី (Rawalpindi) ដែលនៅជាប់រដ្ឋធានីអ៊ីស្លាម៉ាបាដ និងនៅទីក្រុងហ្វៃសាឡាបាដ (Faisalabad) ភាគខាងកើត។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថាន របៀបនៃការអបអរឱកាសនិងព្រឹត្តិការណ៍ពិសេសៗ តាមរយៈការបាញ់កាំជ្រួចនិងកាំភ្លើងបែបនេះ គឺជារឿងសាមញ្ញទូទៅ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ទោះបីជារៀងរាល់ឆ្នាំ តែងបង្កឲ្យមានមនុស្សបាត់បង់ជីវិតក៏ដោយក្តី។
គួរជម្រាបថា កាលពីយប់ថ្ងៃចន្ទនិងថ្ងៃអង្គារកន្លងទៅនេះ ប្រជាជនប៉ាគីស្ថាន បាននាំអបអរសាទរគម្រប់ខួប៧១ឆ្នាំ នៃការទទួលបានឯករាជ្យ ក្រោយសម័យគ្រប់គ្រងរបស់ចក្រភពអង់គ្លេស៕