(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្រកាសថា ប្រទេសរបស់លោក នឹងធ្វើឲ្យការជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅថែមទៀតជាមួយកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំជាលើកទីបី ជាមួយប្រមុខដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនាខែក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House លោក មូន បានធ្វើការលើកឡើងបែបនេះ ក្នុងអំឡុងពិធីគម្រប់ខួប៧៣ឆ្នាំនៃការរំដោះឧបទ្វីបកូរ៉េចេញពីនឹមអាណានិគមរបស់ជប៉ុនឆ្នាំ១៩១០-១៩៤៥។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបន្តថា តាមរយៈកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង រូបលោកនឹងបោះជំហានយ៉ាងអង់អាច ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ព្រមទាំងការប្រកាសបញ្ចប់សង្រ្គាម និងសន្ធិសញ្ញាសន្តិភាព។ លោក មូន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនានា អាចនឹងត្រូវអនុវត្តន៍ដោយស្មោះត្រង់បាន លុះត្រាតែភាពមិនជឿទុកចិត្តគ្នា ដែលមានឫសគុលយ៉ាងជ្រៅនោះ ត្រូវបានលុបបំបាត់ចោល រវាងសេអ៊ូលនិងព្យុងយ៉ាង ក៏ដូចជារវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោន។
គួរជម្រាបថា លោក មូន និង លោក គីម បានបើកកិច្ចប្រជុំកំពូលលើកទីមួយ កាលពីថ្ងៃទី២៧ ខែមេសា នៅភូមិព្រំដែន ផានមុនចុម ដោយបានព្រមព្រៀងគ្នាចំពោះការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង។ ក្រោយមកនៅថ្ងៃទី២៦ ខែឧសភា មេដឹកនាំទាំងពីរម្តងទៀត ក៏បានជួបគ្នាម្តងទៀត ប៉ុន្តែលើកនេះពុំមានការបញ្ជាក់ឲ្យដឹងជាមុននោះឡើយ ហើយនៅថ្ងៃទី១២ ខែមិថុនា ជំនួបប្រវត្តិសាស្រ្តរវាងប្រមុខដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានកើតមានឡើងនៅឯប្រទេសសិង្ហបុរី៕