(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាទីក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្ដូរគោលនយោបាយចិនតែមួយនោះទេ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោក Tsai Ing-wen ថ្លែងសុន្ទរកថានយោបាយនៅលើទឹកដីអាមេរិក ជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំមកនេះ ក្នុងនាមជាប្រធានាធិបតីតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
ទីក្រុងប៉េកាំង បានសម្ដែងការតវ៉ាជាផ្លូវការ ចំពោះសហរដ្ឋអាមេរិកជុំវិញសុន្ទករថារបស់លោកស្រី Tsai កាលពីថ្ងៃចន្ទ ក្នុងទីក្រុង ឡូស អាន់ជែលឡែស ជាទីដែលប្រធានាធិបតីតៃវ៉ាន់រូបនេះ បាននិយាយថាសេរីភាព និងអនាគតរបស់កោះតៃវ៉ាន់ មិនអាចក្លាយ ជាប្រធានបទក្នុងកិច្ចចរចាជាដាច់ខាត។ តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បញ្ជាក់ថាការលើកឡើងរបស់លោកស្រី Tsai មិនមែនតំណាងឱ្យរដ្ឋាភិបាលអាមេរិកនោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោន នៅតែគោរពតាមគោលនយោបាយចិនតែមួយ ដោយមិនបានទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ជាផ្លូវការឡើយ។
គួរបញ្ជាក់ថា ចិនបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ហើយជារឿយៗទីក្រុងប៉េកាំងក៏ព្រមានដែរថានឹងប្រើប្រាស់កម្លាំង យោធា បើសិនជាតៃវ៉ាន់ប្រកាសឯករាជ្យ៕