(អ៊ីតាលី)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី (ANSA) បានរាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនដល់៣៥នាក់ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ ក្រោយហេតុការណ៍បាក់ស្ពានមួយកន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៊ីតាលី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីតាលី បានហៅគ្រោះថ្នាក់នេះថាជាសោកនាដកម្មមួយ។ ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើង នៅម៉ោង១១៖៣០នាទី កាលពីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។ សារព័ត៌មាន ANSA បានអះអាងថាមនុស្ស៣៥នាក់ បានស្លាប់ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានទទួលស្គាល់ថាមានតែមនុស្ស២២នាក់ ប៉ុណ្ណោះបានស្លាប់ និង១៦នាក់រងរបួស។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦០មកម្លេះ ហើយវាត្រូវបានជួស ជុលកែលម្អកាលពីឆ្នាំ២០១៦។ មកទល់នឹងពេលនេះ អាជ្ញាធរនៅតែបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេដើម្បីស្វែងរកមនុស្ស មួយចំនួនដែលគេជឿជាក់បានជាប់នៅក្រោមគំនរស្ពានបាក់បែក៕