(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារ FBI​ ជើងចាស់ម្នាក់លោក ភីធឺ ស្តរហ្សូក (Peter Strzok​) ដែលបានឆ្លើយឆ្លងសារ​ប្រឆាំងលោក ដូណាល់ ត្រាំ ជាមួយមិត្តរួមការងារ​ម្នាក់របស់ខ្លួន នៅអំឡុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦ ត្រូវបានបណ្ដេញ​ចេញពី តំណែងជា​ផ្លូវការហើយ នាថ្ងៃចន្ទដើម​សប្ដាហ៍នេះ៕

 

២៖ ក្រុមហ៊ុន​អវកាស SpaceX របស់​លោក អេឡូន ម៉ាសក៍ (Elon Musk) បានរៀបចំ​សន្និសីទ​មួយដោយ​ស្ងាត់ៗ ​ជាមួយ​ការចូលរួម​​អង្គការ NASA និងក្រុម​អ្នកជំនាញ​ឯទៀត ដើម្បីបង្កើតគម្រោងប្រកប​ដោយមហិច្ឆតាមួយ សម្រាប់ការ​បញ្ជូនមនុស្សឲ្យ​ទៅជាន់លើដី​របស់​ភព​អង្គារ (Mars) និងការសាងសង់​មូលដ្ឋាននៅលើភព​ក្រហម​នោះតែម្តង៕

 

៣៖ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA ច្រកព្រំដែន​រវាងប្រទេសស៊ីរីនិង​ហ៊្សកដានី Nasib ដែល​កង​ទ័ពស៊ីរី ទើបដណ្តើមបានពីក្រុមឧទ្ទាមមកវិញថ្មីៗនេះ គឺអាចរង់ចាំទទួល​ជនភៀស​ខ្លួនស៊ីរីនៅហ៊្សកដានីដែលអន្ទះសារចង់ វិលត្រឡប់​មក​​ប្រទេសកំណើតវិញបានហើយ៕

 

៤៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានចុះ​ហត្ថលេខា​​ហើយលើសេចក្ដីព្រាងច្បាប់​ស្ដីពីកញ្ចប់​ថវិកាយោធា ៧១៦ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់​ក្នុងការចំណាយ​លើវិស័យយោធា និងរួមបញ្ចូលទាំង​ការត្រួតពិនិត្យឡើង​វិញ លើកិច្ចសន្យានាពេលកន្លងមក​រវាងរដ្ឋាភិបាល​អាមេរិក ជាមួយ​ក្រុមហ៊ុន​ចិន ZTE និង​ក្រុមហ៊ុន Huawei៕

 

៥៖ ក្រុមអ្នក​ប្រយុទ្ធ ISIS ចន្លោះពី ២០,០០០នាក់ ដល់ ៣០,០០០នាក់ នៅតែបន្តមានវត្តមាន​នៅឡើយនៅក្នុងប្រទេស​អ៊ីរ៉ាក់ និងស៊ីរី បើទោះជាពួកនេះ​បានបរាជ័យ​ផ្នែកយោធា និងបានបាត់បង់​ឥទ្ធិពលមួយផ្នែកធំ​ នៅក្នុងតំបន់​មជ្ឈិមបូព៌ា​ក៏ដោយ៕

 

៦៖ រដ្ឋាភិបាលចិន​បានបង្ហាញការ​សោកស្ដាយ និងជំទាស់យ៉ាង​ខ្លាំងចំពោះការអនុម័ត​ច្បាប់ ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ​២០១៩ ឬគេស្គាល់ជាអក្សរកាត់ថា NDAA របស់​​សហរដ្ឋអាមេរិក ដែលចំណុចមួយចំនួនមាន​ភាពអវិជ្ជមានមកលើចិន ជាពិសេសគឺ​ចំណុចចែងពី ការធ្វើទំនាក់ទំនាក់​ជាមួយកោះ​តៃវ៉ាន់៕