(ដាម៉ាស់)៖ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA ច្រកព្រំដែនរវាងប្រទេសស៊ីរីនិងហ៊្សកដានី Nasib ដែលកងទ័ពស៊ីរី ទើបដណ្តើមបានពីក្រុមឧទ្ទាមមកវិញថ្មីៗនេះ គឺអាចរង់ចាំទទួលជនភៀសខ្លួនស៊ីរីនៅហ៊្សកដានី ដែលអន្ទះសារចង់វិលត្រឡប់មកប្រទេសកំណើតវិញបានហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មាន SANA បានឲ្យដឹងថា តំបន់ព្រំដែន Nasib (ណាស៊ីប) ដែលកងទ័ពស៊ីរីដណ្តើមយកពីក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល មកកាន់កាប់វិញកាលពីខែកក្កដា នៅខេត្តដារ៉ា (Daraa) ភាគខាងត្បូងប្រទេសនោះ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីរង់ចាំទទួលស្វាគមន៍ ជនភៀសខ្លួនស៊ីរី ធ្វើមាតុភូមិនិវត្តន៍ពីហ៊្សកដានីមកវិញ ដែលបច្ចុប្បន្នជាទីជ្រកកោណនៃជនជាតិស៊ីរីប្រមាណ១.៤លាននាក់។
គួរជម្រាបថា យ៉ាងណាមិញ សេចក្តីរាយការណ៍ខាងលើ ពុំបានបញ្ជាក់ច្បាស់ពីព័ត៌មានលម្អិតថាតើ ច្រកព្រំដែនខាងលើអាចនឹងត្រូវបើកឡើងវិញនាពេលណាឲ្យប្រាកដឡើយ។ Nasib ជាច្រកព្រំដែនផ្លូវការតែមួយគត់រវាងស៊ីរី និងហ៊្សកដានី ហើយវាត្រូវបានបិទទ្វាររហូតមកចាប់តាំងតែពីក្រុមឧទ្ទាមបានចូលកាន់កាប់កាលពីឆ្នាំ២០១៥៕