(ស៊ីដនី)៖ ថ្មដ៏ចំណាស់ជាងគេបង្អស់នៅលើពិភពលោក ត្រូវគេសិក្សាស្រាវជ្រាវឃើញថា បានមកពីលទ្ធផលនៃការប៉ះទង្គិចរវាងដុំអាចម៍ផ្កាយ ជាមួយនិងផែនដីកាលពី ០៤ពាន់លានឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់សាកលវិទ្យាល័យអូស្រ្តាលី ឃើធីន (Curtin University) បានលើកឡើងថា បណ្តុំថ្មខាងលើដែលស្ថិតក្នុងតំបន់ អាខាស្តា ជីណែស (Acasta Gneiss) នៅភាគពាយ័ព្យប្រទេសកាណាដា គឺជាលទ្ធផលនៃការដែលអាចម៍ផ្កាយ បានធ្លាក់មកបុកចំផែនដី ហើយរលាយចូលគ្នាជាមួយស្រទាប់ភពរបស់យើង ដែលធ្វើឲ្យសំណុំថ្មយក្សនោះកកើតឡើង។
អ្វីដែលនាំឲ្យក្រុមអ្នកវិទ្យាសាស្រ្តធ្វើការសន្និដ្ឋានបែបនេះ គឺដោយសារតែសមាសធាតុផ្សំរបស់ថ្មចំណាស់ខាងលើ មានភាពខុសគ្នាពីសមាសធាតុផ្សំនៃស្រទាប់ផ្នែកខាងលើកាលពីសម័យបុរាណរបស់ភពផែនដី ហើយមួយវិញទៀត គឺការរលាយនៃថ្មទាំងនោះបានកើតមានឡើង នៅមិនឆ្ងាយពីសំបកផែនដីឡើយ (មិនជ្រៅ)។
គួរជម្រាបថា សម័យកាលនា ០៤ពាន់លានឆ្នាំមុន គឺជាពេលដែលអាចម៍ផ្កាយក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ បានធ្លាក់មកចំផែនដី ដែលបង្កឲ្យមានការរំលាយ និងការវិវត្តន៍ចុះឡើងនៃពាសពេញផ្ទៃស្រទាប់ខាងលើនៃភពរបស់យើង៕