(ហាណូយ)៖ អាជ្ញាធរឧតុនិយមវៀតណាម នៅថ្ងៃអង្គារនេះ បានព្យាករថា ព្យុះ Bebinca ដែលជាព្យុះទីហ្វុងទីបួនវាយប្រហារលើ ប្រទេសវៀតណាមក្នុងឆ្នាំ២០១៨នេះ នឹងបក់បោកទៅដល់តំបន់ភាគខាងជើង ចាប់ពីខេត្ត Quang Ninh ឆ្ពោះទៅកាន់ខេត្ត Nam Dinh នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

អាជ្ញាធរឧតុនិយមវៀតណាម បានឱ្យដឹងទៀតថា នៅថ្ងៃសុក្រសប្ដាហ៍នេះ ព្យុះទីហ្វុង Bebinca នឹងបក់បោកក្នុងល្បឿនពី៤០ ដល់ ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីលើនេះ ចាប់ពីយប់ថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ តំបន់ភាគខាងជើងប្រទេសវៀតណាម និងផ្នែកខាងជើងនៃភាគកណ្ដាលនៃប្រទេសអាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែទន្ទឹមគ្នា អាជ្ញាធរវៀតណាមបានអះអាងថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទំនាក់ទំនងក៏ដូចជាជូនដំណឹងបន្ថែមដល់ប្រជាជននៅក្នុងតំបន់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិ ជាពិសេសព្យុះទីហ្វុង គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបានបណ្ដាលឱ្យមនុស្ស៧៨នាក់ ស្លាប់ ឬបាត់ខ្លួន និងមនុស្ស៦៤នាក់រងរបួស ខណៈផ្ទះ៧៤០ខ្នងត្រូវបានបំផ្លាញ រីឯ១៨,១០០ខ្នងរងការខូចខាត ហើយផ្ទៃដីដំាដុះ ១២,៦០០ ហិចតា រងការខូចខាត គិតត្រឹមរយៈពេល ០៧ខែដំបូងក្នុងឆ្នាំ២០១៨នេះ។ ការខូចខាតទាំងនេះគិតជាទំហំទឹកប្រាក់ ស្មើនឹងជាង ៦៣.៨លានដុល្លារ៕