(ញូយ៉ក)៖ ក្រុមហ៊ុន Airbus បានប្រកាសពី​ការ​ចុះចតដោយជោគជ័យ​​នៃយន្តហោះ​របស់ខ្លួន ដែលដើរដោយ​ថាមពលព្រះអាទិត្យ​ឈ្មោះ Zephyr S ក្រោយពីវាបាន​ធ្វើដំណើរសម្រាប់​​​រយៈពេល​ជិត ២៦ថ្ងៃ ដែលជាការបំបែក​កំណត់ត្រា​ហោះហើរ​ពិភពលោកថ្មី ដោយ​ពុំ​​ប្រើប្រាស់​ប្រេងឥន្ទនៈ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

យន្តហោះ Zephyr S បានហោះចេញ និងដំណើរលើអាកាស​កាលពីថ្ងៃទី១១ ខែកក្កដា នៅរដ្ឋ Arizona សហរដ្ឋអាមេរិក ហើយបានបន្តស្ថិតនៅលើ​ផ្ទៃអាកាស​កម្ពស់ប្រមាណជាង ២១គីឡូម៉ែត្រ សម្រាប់រយៈពេល ២៥ថ្ងៃ ២៣ម៉ោង និង ៥៧នាទី ដែលជាការបំបែក​កំណត់ត្រា​ចាស់​​ដែលមានរយៈពេល ​១៤ថ្ងៃ ២២នាទី និង ០៨វិនាទី ​របស់យន្តហោះ Zephyr មួយប្រភេទ​ទៀត។

គួរជម្រាបថា បើតាមការឲ្យដឹង​ពីក្រុមហ៊ុន Airbus យន្តហោះខាងលើ ត្រូវបានផលិត​ឡើងចេញពី​សារធាតុកាបូន​ហ្វៃបឺ (Cabon Fiber) និងមានទម្ងន់​ត្រឹម ៧៥គីឡូក្រាម​ប៉ុណ្ណោះ។ ពីចុងស្លាបម្ខាង​ទៅម្ខាងរបស់វា មានប្រវែង ២៥ម៉ែត្រ និងស្លាបទាំងពីរ​របស់យន្តហោះ ត្រូវបាន​ស្រោប​ដោយ​ផ្ទាំងសូឡាស្រូប​ពន្លឺព្រះអាទិត្យ ដែលនឹងផ្តល់ថាមពល​ឲ្យថ្មប្រភេទ​លីចូម-ស៊ុលហ្វ័រ (Lithium-Sulphur) ហើយអាចឲ្យ​យន្តហោះនេះ ហោះហើរបាន​រយៈពេល​យូរ៕