(ញូយ៉ក)៖ ក្រុមអ្នកប្រយុទ្ធ ISIS ចន្លោះពី ២០,០០០នាក់ ដល់ ៣០,០០០នាក់ នៅតែបន្តមានវត្តមាននៅឡើយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បើទោះជាពួកនេះបានបរាជ័យផ្នែកយោធា និងបានបាត់បង់ឥទ្ធិពលមួយផ្នែកធំ នៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) ដកស្រង់ដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
របាយការណ៍ UN ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងទៀតថា ក្រុមអ្នកប្រយុទ្ធ ISIS ចន្លោះពី ៣,០០០នាក់ ដល់ ៤,០០០នាក់ កំពុងរក្សាមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសលីប៊ី ខណៈមេដឹកនាំសំខាន់ៗរបស់ក្រុមភេរវករមួយនេះ កំពុងធ្វើប្រតិបត្តិការនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន។ ក្រុម ISIS បានបាត់បង់ទឹកដីមួយផ្នែកធំ បន្ទាប់ពីត្រូវបានវាយបណ្ដេញចេញពីទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់ និងទីក្រុងរ៉ាក់កា នៅស៊ីរី។
ក៏ប៉ុន្តែបើទោះជាអស់ឥទ្ធិពលក៏ពិតមែន ក៏ក្រុមសកម្មប្រយុទ្ធ ISIS នៅតែបន្តដឹកនាំការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតជារឿយៗ ហើយបើតាមរដ្ឋាភិបាលស៊ីរី ក្រុម ISIS ក៏កំពុងធ្វើសកម្មភាពជាសំងាត់នៅតាមតំបន់វាល ដាច់ស្រយាលជាច្រើននៅក្នុងប្រទេសស៊ីរីផងដែរ។
គួរបញ្ជាក់ថា បើតាមរបាយការណខាងដដែល ប្រទេសមួយចំនួននៅក្នុងតំបន់ បាននិងកំពុងព្រួយបារម្ភជាខ្លាំងថា ក្រុម ISIS នឹងបង្កើតបណ្ដាញរបស់ខ្លួនជាថ្មី នៅឯជំរុំជនភៀសខ្លួន រ៉ុកបាណេ (Rokbane) ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅឯភាគខាងត្បូងប្រទេសស៊ីរី និងជាទីដែលគ្រួសារក្រុមសកម្មប្រយុទ្ធ ISIS កំពុងរស់នៅ៕