(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាស SpaceX របស់លោក អេឡូន ម៉ាសក៍ (Elon Musk) បានរៀបចំសន្និសីទមួយដោយស្ងាត់ៗ ជាមួយការចូលរួមអង្គការ NASA និងក្រុមអ្នកជំនាញឯទៀត ដើម្បីបង្កើតគម្រោងប្រកបដោយមហិច្ឆតាមួយ សម្រាប់ការបញ្ជូនមនុស្សឲ្យទៅជាន់លើដីរបស់ភពអង្គារ (Mars) និងការសាងសង់មូលដ្ឋាននៅលើភពក្រហមនោះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Business Insider នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
សន្នីសីទ Mars Workshop ដែលទំនងជាលើកដំបូងបង្អស់ខាងលើ ត្រូវគេរាយការណ៍ថា បានធ្វើឡើងកាលពីសប្តាហ៍មុននៅឯរដ្ឋ Colorado ដោយ SpaceX បានផ្ញើលិខិតអញ្ជើញទៅកាន់អ្នកវិទ្យាសាស្រ្ត និងវិស្វករជំនាញៗប្រមាណ ៦០នាក់ និងបានស្នើមិនឲ្យពួកគេផ្សព្វផ្សាយពីដំណឹង នៃព្រឹត្តិការណ៍នេះឡើយ។ ក្នុងនោះបណ្តាប្រធានៗនៃបេសកកម្មរុករកនៅភពអង្គាររបស់ NASA ត្រូវគេរាយការណ៍ថា ក៏បានចូលរួមក្នុងសន្និសីទនេះផងដែរ។
គួរជម្រាបថា លោក Elon Musk មានបំណងចង់ចាប់ផ្តើមបេសកកម្មបញ្ជូនមនុស្សលើកដំបូងទៅកាន់ភពអង្គារ នៅឆ្នាំ២០២៤ ក្រោយពីមានការចេញបេសកកម្មដោយពុំមានអវកាសយានិក នៅឆ្នាំ២០២២ ទៅកាន់ទីនោះ ហើយបើជោគជ័យនឹងមានការសាងសង់មូលដ្ឋានជាបន្តបន្ទាប់ទៀត។
សម្រាប់ការបញ្ជាក់ពីគំរោងនាំមនុស្សទៅភពអង្គារនេះ គឺត្រូវបានធ្វើឡើងជាផ្លូវការនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយ SpaceX បានសន្យាបោះជំហានមុនអង្គការ NASA រហូតដល់ទៅជាងមួយទសវត្សរ៍ឯណោះ ខណៈដែលអង្គការ NASA ទើបតែពន្យារពេលក្នុងការបញ្ជូនមនុស្សទៅជាន់ដីភពអង្គារ ទៅអំឡុងទសវត្សរ៍២០៤០វិញ ដែលធ្វើឲ្យអ្នកគាំទ្រទាំងឡាយខកចិត្តមិនស្ទើរនោះឡើយ។
ទោះបីជាបែបនេះក្តី ងាកមកកាន់ក្រុមហ៊ុន SpaceX វិញនោះ អ្វីៗក៏ហាក់មិនទាន់ជាការប្រាកដប្រជានោះដែរ ព្រោះការនាំមនុស្សចាកចេញពីភពផែនដី និងធ្វើដំណើរប្រើពេលរាប់ខែឆ្នាំឆ្លងកាត់ទីអវកាសបែបនេះ គឺមិនមែនជារឿងងាយៗនោះឡើយ ព្រោះមនុស្សមិនមែនជាគ្រឿងយន្តដែលអាចផលិតចេញមក ដើម្បីស៊ូទ្រាំនឹងបរិស្ថានមច្ចុរាជរបស់ទីអវកាសនោះដែរ។ ដូច្នេះរយៈពេល ០៦ឆ្នាំ គឺពិតជាមិនយូរឡើយនៅក្នុងការរង់ចាំ ប៉ុន្តែការពន្យារពេលក៏អាចកើតមានបន្ថែមទៀតផងដែរ៕